កម្មវិធីបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ B៤០ និងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នអោយវរៈសេនាតូច​ថ្មើជើងលេខ១ ប្រចាំឆ្នាំ២០១៧

182

ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក​ទោ ពៅ ហេង មេបញ្ជាការរង​នាយសេនាធិការ មេបញ្ជាការ​យោធា​ភូមិភាគ​ទី៤ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​យុទ្ធ​ដំណើរ​ទ័ព បាញ់​ស៊ីប​គ្រាប់​ពិត​ដល់​នាយទាហាន នាយទាហានរង​ពលទាហាន នៅ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​ថ្មើរជើង​លេខ១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ភូមិ​តាឡែក​ថ្មី ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ប្រធាន​អង្គភាព​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​កង​កំលាំង​ប្រដាប់អាវុធ ប្រមាណ​ជាង៤០០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានធ្វើ​របាយការណ៍​ដោយ​អនុវត្តតាម​ផែនការ​ហ្វឹកហ្វឺន​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​បញ្ជាការដ្ឋាន​យោ​ភូមិភាគ​ទី៤ ការបើក​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​តាម​ផែនការ​បានកំណត់​ដែលមាន​សន្ទស្សន៍​ដាក់ចុះ​ចំនួន១០០នាក់ ។ ចំនួន​នេះ​អង្គភាព​បានសម្រេច​រៀបចំ​ហ្វឹកហាត់​ដល់​កំលាំង​វរ​សេនា​តូច​ថ្មើ​ជើងលេខ១ ដើម្បី​បំប៉ន​ដល់​កំលាំង​លើ​ផ្នែក​យុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ បង្កើន​មន​សិកា​ស្នេហាជាតិ ពង្រឹង​តួនាទី ចូលរួម​ក្នុង​កិច្ចការពារ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ក្នុងនោះ​មានការ​បាញ់​ស៊ីប​គ្រាប់​ពិត​ប្រភេទ​អាវុធ B៤០ និង​មាន​យុទ្ធ​ដំណើរ​ទ័ព​ក្នុង​ចម្ងាយផ្លូវ ៣២ គីឡូម៉ែត្រ នៅពេល​បញ្ចប់​វគ្គ​ផងដែរ ។ ការហ្វឹកហ្វឺន​រៀនសូត្រ​នេះ​មាន​រយៈពេល ៤៥ ថ្ងៃ​ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នូវ​ថវិកា​រ​មួយចំនួន រួមផ្សំ​ជាមួយ​របបហូបចុក​ប្រចាំថ្ងៃ ។ ចំណេះដឹង និង​សមត្ថភាព​ទាំងនេះ​ជាការ​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​យោធិន​ឲ្យ​ក្លាយជា​ឧបករណ៍​ដ៏​រឹងមាំ​ក្នុងការ​ចូលរួម​រក្សា​សន្តិសុខ​សង្គម ។

ឯកឧត្តម សុខ លូ មានប្រសាសន៍​លើកឡើងថា កម្មវិធី​ហ្វឹកហ្វឺន​នេះ ពិតជា​មាន​សារសំខាន់​សម្រាប់​យោធិន​របស់​យើង សព្វថ្ងៃនេះ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ​កម្លំាង​យោធា​របស់​យើង​ត្រូវតែមាន​ភាពរឹងមាំ ដើម្បី​បន្ត​ការពារ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង ប្រទេស​យើង​មាន​សុខសន្តិភាព​មិនអាច​បំភ្លេច​ចោល​កាតព្វកិច្ច​យោធា​របស់​យើង​នោះទេ ដូច្នេះ​ត្រូវ​ចងចាំ និង​អនុវត្តន៍​ឲ្យ​ខ្ជាប់ខ្ជួន នូវ​អនុសាសន៍ ៦ចំណុច របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​យោធា​របស់​យើង​ធ្វើការ​ហ្វឹក​ហ្វា​ត់​ជាបន្តបន្ទាប់ ដើម្បី​បង្កើន​ចំណេះ​ថ្មីៗបន្ថែមទៀត ហើយ​ការបាញ់​ស៊ីប​គ្រាប់​ពិត​របស់​យើង​ទទួលបាន​លទ្ធផល​ល្អ បាញ់​ចំ​គោលដៅ ដែលមាន​ចំងាយ ១០០ម៉ែត្រ​ផងដែរ ។ ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែមទៀតថា កងទ័ព​មាន​កាតព្វកិច្ច ក្នុងការ​ការពារ​ដ្ឋាភិ​បាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ ពៅ ហេង  ក៏បាន​មានប្រសាសន៍​ដាស់តឿន​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងការ​បង្ការ​គ្រោះធម្មជាតិ​ផ្សេងៗ ត្រូវ​សហការណ៍​គ្នា​ជាមួយ​កងកម្លាំង​ដទៃទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយ​នាយទាហាន និង​ពលទាហាន​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើ​ពិនិត្យឃើញថា​មាន​ផ្ទុក​សារធាតុ​ញៀន​ នឹងត្រូវ​បណ្តេញ​ចេញ​ពី​អង្គភាព​ជាបន្ទាន់ ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដោយ​ចេះ​យោគយល់​អធ្យាស្រ័យ​ក្នុងពេល​បើកបរ និង​ត្រូវ​សហការ​ណ៍​ផ្ទៃក្នុង​ឲ្យ​បានល្អ ។ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់ក​ង​កំលាំង​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ ក្នុងការ​រៀនសូត្រ​តាម​ក្បួន​យុទ្ធសាស្ត្រ ដោយ​ស៊ូ​បង្ហូរញើស​លើ​ទីលាន​ហ្វឹកហាត់  កាត់​បន្ថយ​ការបង្ហូរ​ឈាម​លើស​មរ​ភូមិ​ប្រយុទ្ធ ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ មាតុភូមិ មាន​មនសិការ​ស្នេហាជាតិ ការពារ​ឲ្យ​បាន​នូវ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត ។ ត្រូវ​ចងចាំ​ឲ្យ​បាន​ច្បាស់​នូវ លក្ខណៈសម្បត្តិ​របស់​នាយទាហាន គឺ​ត្រូវគោរព​វិន័យ មាន​អាកប្បកិរិយា​ថ្លៃថ្នូរ សកម្ម​ក្នុងការ​ងារ មានចិត្ត​ក្លាហាន​មោះមុត មានការ​ទទួលខុសត្រូវ មាន​សាមគ្គីភាព​ល្អ និង​មាន​ភក្តីភាព​ជានិច្ច​ចំពោះ​ថ្នាក់ដឹកនាំ ។ ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​បន្ថែមទៀត​ដើម្បី​ក្លាយជា​យោធិន​មាន​សមត្ថភាព​ខ្ពស់ មាន​ចំណេះដឹង​គ្រប់មុខ​ជំនាញ ដើម្បី​យកទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​ត្រូវលើក​កម្ពស់​ស្មារតី គ្រប់គ្រង​ថែរក្សា​សម្ភារៈ​បរិ​ក្ខា សព្វាវុធ និង​គ្រឿង​បំពាក់​ឲ្យ​បានល្អ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​ឈរជើង​របស់​យើង ត្រូវ​ចូលរួមចំណែក​ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ។ ចុងក្រោយ​ក៏មាន​ការចែកជូន​នូវ​ប័ណ្ណសរសើរ​ដល់​សិក្ខាកាម ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​យកចិត្តទុកដាក់​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ  ៕