“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា!”

52

នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ​២០១៧​ នេះ សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ បាន ​ប្រារព្ធ​ខួប​លើក​ទី​១៥៤ ទិវា​ពិភព​លោក កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​អធិប​តីភាព​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល អនុ​ប្រធាន​ទី២ រដ្ឋសភា និង​មាន​ការ​ចូល​រួម​ពី​ព្រះ​មេគណ​ខេត្ត ថ្នាក់​ដឹក​នាំ​ខេត្ត លោក លោក​ស្រីប្រធាន អនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម និង​លោក លោក​ស្រី ភ្ញៀវ​កិត្តិយស អង្គការ​ដៃគូ ក្រុម​ហ៊ុន សប្បុរស​ជន សមាជិក សមាជិកា គរុសិស្ស សិស្ស ក្រុម​កាយ​រិទ្ធ ប្រមាណ ៨០០ នាក់ នៅ​អគារ​ការ ឡូវ គឹម​សេង ។

ជា​កិច្ច​ចាប់​ផ្តើម លោក​ជំទាវ ឃួន ឃុន​ឌី អនុប្រធាន​គណៈ​កម្មា​ធិការ​សាខា បាន​អាន​សុន្ទរ​កថា​ស្វាគមន៍ និង​របាយ​ការណ៍​សង្ខេប​សកម្មភាព​សាខា ព្រម​ទាំង​ថ្លែង​អំណរ​គុណ និង​កតញ្ញុតា​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ ព្រះ​សង្ឃ ឯក​ឧត្តម លោក​ជំទាវ​ លោក​ឧកញ៉ា លោក លោក​ស្រី អង្គការ​ដៃ​គូ​នា​នា មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់ សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ចូល​រួម​ជា​កម្លាំង​មនុស្ស​ធម៌ តាម​រយៈ​ការ​ឧបត្ថម្ភ សម្ភារៈ ថវិកា និង​លះ​បង់​កម្លាំង​កាយ​ចិត្ត ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​​​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត ជា​រួម​មាន អ្នក​រង​គ្រោះ​ដោយ​មហន្ត​រាយ​ផេ្សងៗ ជន​ពិកា ចាស់​ជរា​ឥត​ទី​ពឹង កុមារ​កំព្រា ស្រ្តី​ម៉េម៉ាយ អ្នក​ផ្ទុក​មេរោគ​អេដស៍ ជម្ងឺ​អេដស៍ ។

ទិវា​ពិភព​លោក កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា ត្រូវ​បាន​ប្រទេស​ជាសមាជិក​លើ​ពិភព​លោក​ប្រមាណ ១៩០ ក្នុង​នោះ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​សមាជិក​ទី៨៥ តែង​តែបាន​ប្រារព្វ​ធ្វើ​រៀង​រាល់​ឆ្នាំ ក្រោម​ប្រ​ធាន​បទ​ផ្សេងៗ ។ ទិវា​នេះ ​ត្រូវ​បាន​ចាត់​ទុក​ជាឱកាស​ដ៏វិសេស​មួយ​ផង​ដែរ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​បាន​ដឹង​ ពី​អ្វី​ដែល​កាក​បាទ​ក្រហម​កម្ពុជា ក៏​ដូច​ជា​សាខា បាន និង​កំពុង​ធ្វើ​នៅ​គ្រប់​ទី​កន្លែង ដើម្បី​សម្រាល​ការ​លំបាក និង​ជួយ​អ្នក​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ និង​ជា​ឱកាស ពង្រីក​ការ​ផ្សព្វ​ផ្សាយ បណ្តុះ​ឧត្តម​គតិ​មនុស្ស​ធម៌ លើក​កម្ពស់​វប្បធម៌​ចែក​រំលែក បំផុស​កម្លាំង​ចូល​រួម ជា​ស្មារតី សម្ភារៈ និង​ថវិកា ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​បេសកកម្ម​មនុស្ស​ធម៌ ជួយ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ដោយ​ផ្អែក​លើ​គោល​ការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​អន្តរ​ជាតិ​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម​គឺៈ ភាព​មនុស្ស​ធម៌ ភាព​មិន​លម្អៀង អព្យា​ក្រឹត​ភាព ឯក​រាជ្យ​ភាព សេវា​កម្ម​ស្ម័គ្រ​ចិត្ត ឯក​ភាព សកល​ភាព

ដើម្បី​ទទួល​បាន​ជោគ​ជ័យ និង​លើក​កម្ពស់​ទិស​ដៅ​យុទ្ធ​សាស្រ្ត ២០១១-២០២០ របស់​ថ្នាក់​ជាតិ ព្រម​ទាំង​រួម​ចំណែក​ជួយ​ដល់​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ នឹង​ចាត់​តាំង​ក្រុម​ទ្រ​ទ្រង់​ចម្រុះ ធ្វើ​ការ​ប៉ាន់​ប្រមាណ កសាង​ឲ្យ​បាន​បញ្ជី​ជាក់​ស្តែង​រួម កំណត់​ពី​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​សាខា អនុ​សាខា និង​ស្ថាប័ន​ពាក់​ព័ន្ធ ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា ។

ជា​កិច្ច​បន្ត ឯក​ឧត្តម សុខ លូ អភិបាល​ខេត្ត និង​ជា​ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ បាន​អាន​សេច​ក្តី​ថ្លែង​ការណ៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ការ​ថ្លែង​អំណរ​គុណ​ដល់​សប្បុ​រស​ជន​ទាំង​អស់​ដែល​តែង​តែ​ផ្តល់​ការ​គាំ​ទ្រ ទាំង​ស្មារតី សម្ភារៈ ថវិកា​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ ដែល​នេះ​ជា​ការ​បន្ត​គាំ​ទ្រ ផ្តល់​នូវ​ក្តី​សង្ឃឹម និង​ភាព​កក់​ក្តៅ​ដល់​ពល​រដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ ព្រម​ទាំង​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​បំពេញ​បាន​យ៉ាង​ល្អ​ប្រសើរ​នូវ​បេសក​កម្ម និង​តួ​នាទី​ជា​ជំនួយ​ការ​ឲ្យ​អាជ្ញា​ធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្ស​ធម៌ និង​ជា​កម្លាំង​មួយ រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជាវិជ្ជ​មាន​នៅ​ក្នុង​សហគមន៍ ។

ថ្លែង​សំណេះ​សំណាល​ទៅ​កាន់​អង្គ​ពិធី​ទាំង​មូល​ផង​ដែរ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ធំ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ រៀប​ចំ​ពិធី​នេះ​ និង​អរគុណ​ដ​ល់សប្បុរស​ជនទាំង​អស់​ដែល​បាន​ជួយ ឧបត្ថម្ភ​ទាំង​ស្មារតី សម្ភារៈ ថវិកា​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុ​ជាខេត្ត ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​កន្លង​មក ។ ឯក​ឧត្តម បាន​ផ្តាំ​ផ្ញើ​ដល់​សាខា​កាក​បា​ទក្រហម​កម្ពុជា​ខេត្ត និង​អនុ​សាខា​ក្រុង ស្រុក​ទាំង​អស់ ត្រូវ​បន្ត យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ទាំង​ឡាយ ដោយ​មិន​គិត​ពី​និន្នា​ការ​នយោ​បាយ​អ្វី​ឡើយ ។ ថវិកា​ដែល​បាន​ទទួល​ជា​បណ្តោះ​អាសន្ន​ក្នុង​ពិធី​នេះ មាន​ចំនួន ១២៩,១៤៥ ដុល្លារ​សហ​រដ្ឋ​អាមេរិច និងសម្ភារៈ​​ជា​ច្រើន​ទៀត ៕