កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ ចំនួន ៥១៦គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

272

ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សារាត អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ អញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន ៥១៦គ្រួសារ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក អ៊ុន ប៊ុត្ត ប្រធានអនុសាខាកាកបាទក្រហមស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឃុំផាត់សណ្តាយ គឺពឹងផ្អែកទៅលើការប្រកបមុរបរនេសាទតែមួយមុខប៉ុណ្ណោះ ក្រៅពីនេះនៅរដូវប្រាំងប្រជាពលរដ្ឋ មួយចំនួនប្រកបមុខរបរដំាបន្លែបន្ទាប់បន្សំ។

ឯកឧត្តម ប្រាក់ សារាត បានបញ្ជាក់ថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។ ឯកឧត្តមបន្ថែមទៀតថា នេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ “ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ។

ឯកឧត្តម អ៊ុយ សំអាត បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទំាងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។ ឯកឧត្តមបន្ថែមទៀតថា ការចែកអំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាងបួន ដើម្បីឲ្យមានភាពកាន់តែប្រសើឡើង ធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិ ឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទំាងប្រាំពីរ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។

ក្នុងនោះដែរ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុង នឹងមិនត្រូវសេពគ្រឿងស្រវឹងនៅពេលចេញទៅនេសាទ ដើម្បីជៀសវាងគ្រោះថ្នាក់យក្សថាហេតុ។ អំណោយដែលត្រូវទទួលក្នុងមួយគ្រួសារមាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងឃីដ ១កញ្ចប់ ។