ការចុះអនុស្សរណៈយោគយល់គ្នាជាផ្លូវការរវាងខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ

193

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​លើក​ទី៦ ពីថ្ងៃ​ទី ២៣-២៥ ខែសីហា ឆ្នាំ២០១៧ នៅ​ទីក្រុងភ្នំពេញ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង ឯកឧត្តម Adthaporn Singhawichai អភិបាលខេត្ត​សុរិន្ទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​ខេត្តកំពង់ធំ នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា និង​ខេត្ត​សុរិន្ទ នៃ​ព្រះរាជាណាចក្រ​ថៃ ។ កិច្ចប្រជុំ​នេះ បាន​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង នាយ​ឧត្ត​សេនីយ៍ អនុពង្ស ផៅ​ចិន្តា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ ។

កិច្ចប្រជុំ​នេះ ផ្តោតទៅលើ​ការអភិវឌ្ឍ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោយបាន​ពិភាក្សា​ទៅលើ​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​និង​កិច្ចសហការ​ក្នុងការ​អភិវឌ្ឍ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ។ កិច្ចប្រជុំ​នេះ បាន​ឈានដល់​ការឯកភាព និង​ព្រមព្រៀង​លើ​ការងារ​សំខាន់ៗចំនួន ១៣ចំណុច (សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ខាងក្រោម)

គណៈប្រតិភូ​ថៃ​ក៏បាន​សម្តែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ភាគី​កម្ពុជា​ដែល​បានរៀបចំ​ស្វាគមន៍ និង​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់ និង​កក់ក្តៅ​បំផុត​ក្នុង​កំឡុង​ពេល​ទស្សនកិច្ច ព្រមទាំង​ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​នេះ​បាន​យ៉ាង​ល្អប្រសើរ ។

គណៈប្រតិភូ​កម្ពុជា​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈប្រតិភូ​ថៃ ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ល្អប្រសើរ​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ និង​សម្រេចបាន​នូវ​គោលបំណង​រួម​ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព ការយោគយល់​គ្នា និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។

ភាគី​ទាំង​ពី​បាន​ព្រមព្រៀងគ្នា​ថា កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ លើក​ទី៧ នឹង​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​ថៃ​នាពេល​វេលា​សមស្រប​ដែលមាន​ការព្រមព្រៀង​គ្នា ។ កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ នឹងធ្វើ​ការប្រាស្រ័យ​ទាក់ទងគ្នា​តាមរយៈ​ការទូត ។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ក៏មាន​ធ្វើសន្និសីទ​ព័ត៌មាន​រួមគ្នា​ផងដែរ ៕

Download (PDF, 1.56MB)