កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំផែនការកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ(ព្រៃឡង់) និងតាមបណ្ដាតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកំពង់ធំ

39

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតងដែលបានទទួលជំនួយពី ពលរដ្ឋអាមេរិក បានអញ្ជើញជាអធិបតីក្នុងពិធីចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ “ព្រៃឡង់” និងតាមបណ្ដា តំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកំពង់ធំព្រឹកថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងពីការ​បោះបង្គោល​ព្រំរៀបចំ​ផែនការនិងបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនេះឲ្យបានរលូន មានប្រសិទ្ធភាពនិងកាត់បន្ថយទំនាស់ដីធ្លី និងការប្រើប្រាស់ធនធាន​ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឲ្យលើមានកម្រិតអប្បបរមា។ ក្រុមការងារត្រូវ​ស្វែង​យល់ឲ្យបានច្បាស់ អំពីចំនួនតំបន់ដែលត្រូវបែងចែកនៅក្នុងតំបន់ការពារធម្មជាតិនីមួយៗ និងគោល​បំណង​គ្រប់គ្រង​នៅតំបន់មួយដំណើរការនៃការបែងចែកតំបន់ និងវិធីសាស្ត្រសម្របសម្រួល។

ក្រៅពីនេះការបែងចែកតំបន់ដែលត្រូវបានគិតគូរយ៉ាង​ល្អិតល្អន់អំពីតម្លៃសេដ្ឋកិច្ចសង្គមនិង​វប្បធម៌នៃតំបន់​នីមួយៗ​​​ដើម្បីបម្រើសេចក្តីត្រូវការនៃការរស់នៅរបស់មនុស្សជាតិផងដែរ។ ឆ្លៀតក្នុង​ឱកាស​នេះ​ផង​ដែរ​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ពីការស្វែងយល់ឲ្យមានចំណេះដឹងបន្ថែម ស្ដីពី​ច្បាប់ អនុក្រឹត្យប្រការ និងលិខិតបទដ្ឋានពាក់ព័ន្ធមួយចំនួនដូចជា ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តី​ពី​ព្រៃឈើ ច្បាប់ភូមិបាល អនុក្រឹត្យដីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គោលការណ៍​ណែនាំ​ស្ដីពីការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តម សៅ សុភាព ក៏បានបន្តទៀតថា ការរាំងស្ទះនៃការចុះធ្វើការនៅតំបន់ការពារធម្មជាតិ ប្រជាពលរដ្​ឋមួយចំនួននៅតែលបលួចចូលកាប់ព្រៃឈើធ្វើចម្ការ ក្នុងសហគមន៍និងតំបន់ការពារ។ មានភូមិដីចំការ និងស្រែមួយចំនួនស្ថិតក្នុងតំបន់ការពារ និងក្នុងសហគមន៍តំបន់ការពារធម្មជាតិ។មានការនេសាទខុសច្បាប់​នៅ​តែ​​លួចធ្វើសកម្មភាព។
ជាចុងក្រោយ​ឯកឧត្តម សៅ សុភាព ក៏បានផ្ដាំផ្ញើបន្តការផ្សព្វផ្សាយច្បាប់ និងពង្រឹងការនាំច្បាប់ស្ដីពីតំបន់​ការពារ​ធម្មជាតិ។ចុះល្បាតឃ្លាំងមើលទប់ស្កាត់ ការរំលោភដីធ្លីក្នុងព្រៃឡង់ និងជួយអន្តរាគមន៍បង្ក្រាបបទ​ល្មើស​ផ្សេងៗ។ ទំនាក់ទំនងជិតស្និទ្ធជាមួយអង្គការនានាដើម្បីគាំទ្រដល់​សកម្មភាពទប់ស្កាត់បង្ក្រាបបទល្មើសនិង​កែលំអរ​មុខ​របរ​ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរជាប់និងក្នុងតំបន់ការពារធម្មជាតិនេះ។