កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

248

ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត

        រសៀល​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាល​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​គណៈ​បញ្ជា​ការឯកភាព រដ្ឋបាលខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ និងជា​ប្រធាន​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាលខេត្តដោយមាន​ការចូលរួម​ពី លោក លោកស្រី​ប្រធាន អនុ​ប្រធានមន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​កំលាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទផងដែរ។

         លោក កែវ សុផល ស្នងការរង និង​ជា​អនុលេខាធិការ​រ​ដ្ឋាន ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​អាន​របាយការណ៍​លទ្ធផល​គ្រឿងញៀន​ប្រចាំសប្តាហ៍ និង​លើក​ពី​បញ្ហា​មួយចំនួន​ស្តីពី​គ្រឿងញៀន បន្ទាប់មកឯកឧត្តម សុខ លូ មានប្រសាសន៍​ថាចំពោះ​បញ្ហា​គ្រឿងញៀន យើង​បាន​លើក​ក្នុង​កិច្ចប្រជុំ ស្តីពី លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធ​ធានា​ការប្រយុទ្ធប្រឆំាង​គ្រឿងញៀន ខុសច្បាប់​លើកទី១ ប្រចាំត្រីមាស​ទី១ ឆ្នាំ២០១៧ កាល​ពីព្រឹកម៉ិញ​ហើយ​ដែរ រីឯ​បញ្ហា​បទល្មើស​ព្រៃឈើ កន្លងមក​យើង​បាន​ខិតខំ ទំាង​មន្ទីរ​បរិស្ថាន ទំាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទដែលមាន​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ​នេះ បាន​ខិត​ខំធ្វើ​កិច្ចការ​នេះជាពិសេស​កងរាជអាវុធហត្ថ ដែល​បាន​សកម្ម​ចូលរួម​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អ្នកដឹកនាំ​ផ្ទាល់ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើជារួម​យើង​ឃើញថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ មាន​ការថយចុះ​ច្រើនណាស់ ប៉ុន្តែ​យើង​មិន​ធានាថា ការបំបាត់​ក្នុង​មួយរយៈពេល​ឲ្យ​អស់​ទេ និង​សូម​ឲ្យកម្លំាង​ជំនាញ​ជួយ​ពង្រឹង​បន្តទៀត។ ឯកឧត្តមបានបន្តទៀតថា ចំពោះ​ការ​នេសាទ គឺ​បងប្អូន​ប្រជាពលរដ្ឋ​អាចដាក់ លប​ឡុក លប ណ-រ៉ាវ បាន​ប្រវែង ២០០ម៉ែត្រ និងក្រឡា ៣,៥០ហ៊ុន នៅ​តំបន់​ទន្លេ​សា​ទបាន។ ប្រជានេសាទមាន​ការគាំទ្រ និងត្រេតអរយ៉ាងខ្លាំង​ចំពោះចំណាត់ការនេះ។ រីឯ​បញ្ហា​ដាក់​សម្រាស់ ការពិត​សិក្សា​មើលទៅបញ្ហា​ដាក់​សម្រាស់​នៅ​ខេត្តកំពង់ធំ​ អត់​មាន​ធំ​ទេ បងប្អូន​ប្រជាពលរដ្ឋ​ដាក់ ៤-៥ម៉ែត្រគឺ​អត់​មាន​ឈ្មួញ​ដាក់​សម្រាស់​ជា​ទ្រង់ទ្រាយ​ធំ​ទេ គឺដោយមានសារព័ត៍មានមួយចំនួនបាន​បំ​ភ្លើ​ស​​ថា មាន​ការដាក់​សម្រាស់ពាស​ពេញ​ទន្លេសាប។ សម្រាប់​ការគិតគូរ​វែងឆ្ងាយ​តទៅមុខ គឺ​ការ​ឲ្យ​ប្រជាពលរដ្ឋ​មក​រស់​នៅលើដីគោកវិញ ​ទើប​អាច​ដោះស្រាយបញ្ហា​នេះ​បាន និង​សំខាន់បំផុត គឺ​រក​មុខសញ្ញា​ឈ្មួញ​ធំៗអោយ​ឃើញ ការបង្រ្កាបនេះ គឺមិនមែនយកពលរដ្ឋជា​គោលដៅ​របស់​យើង​ទេ គឺ​សំដៅលើការបង្ក្រាប​បទល្មើស​នេសាទទៅលើ​ឈ្មួញ​ធំៗ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យមាន​សល់ផល​ត្រី​ដល់​ប្រជា​នេសាទ​យើង​នេះឯង នេះ​ជា​បំណង​ធំ​បំផុត​របស់​យុទ្ធ​ធានា​ការ​របស់​យើង។ ឯកឧត្តម​ក៏បាន​រំលឹក​ដែ​រថាការដាក់​ប៉ាន​ណូ​ទទឹង​ផ្លូវជាតិ​ក្នុង​ក្រុង​​ស្ទឹងសែន រដ្ឋបាលខេត្តនឹង​ធ្វើលិខិត​ជូនដំណឹង​មួយ​ដល់​ក្រុមហ៊ុន ដើម្បី​ធ្វើការដកចេញពីការដាក់​ទទឹងផ្លូវ​ក្នុងពេល​ឆាប់ៗនេះ ។ ប្រសិនណាបើ ក្រុមហ៊ុន​ចង់​ដាក់​ប៉ានណូ ត្រូវមាន​ការឯកភាព​ពី​រដ្ឋបាលខេត្ត ថាតើ​គួរត្រូវដាក់​យ៉ាង​ម៉េចដើម្បី​ជួយ​លម្អ​សោភ័ណ្ឌ​ភាព​ក្នុង​ក្រុង​ស្ទឹងសែន។

          ឯកឧត្តម សុខ លូ ក៏បាន​ផ្តាំផ្ញើ​ដល់​កំលាំង​ប្រ​ដាក់អាវុធ​ទំាងបី​ប្រភេទ ជាពិសេស​មុន​យុទ្ធ​ធានា​ការបោះឆ្នោត​យើង​ត្រូវខិតខំ​រក្សា​នូវ​សុវត្ថិភាព សន្តិសុខ ឲ្យ​បាន១០០% សម្រាប់​គ្រប់​ការិយាល័យ​បោះឆ្នោត គ្រប់​ទី​កន្លែង​ទីតំាង​បោះឆ្នោត​ទំាងអស់ ដើម្បី​ចៀសវាង​ជន​អនាធិបតេយ្យ ​បង្កបញ្ហា​មុនពេល​បោះឆ្នោត កំឡុង​ពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត ដែលការបោះឆ្នោត​នេះជា​ការបោះឆ្នោត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សដែលមាន​គណបក្ស​ជាច្រើន​ចូលរួមផងដែរ។