កិច្ចប្រជុំបូកសរុបលទ្ធផលការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០១៦ និងទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧

159

       រសៀល​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៧ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធិផល​ការ​ចាត់តាំង​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ​មាន​សុវត្តិភាព​ប្រចាំ​ឆ្នាំ​២០១៦​ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ ឯក​ឧត្តម ឡុង ផល អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ ឯក​ឧត្តម ឈុន ឈន់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង ​ឯក​ឧត្តម សុខ លូ អភិបាល​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី ​ឯក​ឧត្តម លោក​ជំទាវ​អភិបាល​រង​ខេត្ត លោក លោក​ស្រី​ប្រធាន​មន្ទីរ​អង្គភាព កង​កម្លាំង​ប្រដាប់​អាវុធ អភិបាល​ក្រុង​ស្រុក ប្រមាណ​ជាង​៤០០​នាក់។ លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុក កុសល ស្នង​ការ​នគរ​បាល​ខេត្ត​បាន​រាយ​ការណ៍​ក្នុង​ឆ្នាំ ២០១៦ បង្រ្កាប​បទ​ល្មើស​បាន​ចំនួន ៥៨/៧៧ ករណី​នៃ​បទ​ល្មើស​រួម ស្មើ​នឹង ៧៤% និង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៤៧ ករណី បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទា​ទោស​តាម​ច្បាប់​ចំនួន ៦៩នាក់។

        ឯក​ឧត្តម សុខ លូ បាន​លើក​ករណី​ការ​ដាក់​កុង​ត្រូល​ជជុះ និង​ហាម​មន្ត្រី​កុំ​ឲ្យ​មាន​ការ​ពាក់​ព័ន្ធ ព្រោះ​ការ​អនុវត្ត​ច្បាប់​មិន​ស្គាល់​ពី​គ្នា​ឯង ​ឬ​គ្នា​គេ​នោះ​ទេ។ មន្ត្រី​ទាំង​អស់​ត្រូវ​ធ្វើ​អំពើ​ល្អ និង​ជា​គំរូ​ល្អ ដល់​ប្រជា​ពល​រដ្ឋ។ គ្រប់​ប៉ុស្តិ៍​ទាំង​អស់​មិន​ត្រូវ​មាន​ល្បែង​ស៊ី​សង មិន​ត្រូវ​ថា​មិន​ដឹង​ថា​មាន​ល្បែង​ស៊ី​សង ត្រូវ​ពង្រឹង​កម្លាំង និង​ក្តាប់​សភាព​ការណ៍​តាម​ដាន​មុខ​សញ្ញា​ជា​ប្រចាំ​ក្នុង​កិច្ច​ការ​ពារ​សន្តិសុខ សណ្តាប់​ធ្នាប់ គ្រប់​កន្លែងជា​ពិសេស​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ខាង​មុខ។

      ឯក​ឧត្តម ឡុង ផល បាន​លើក​ឡើង​ថាត្រូវ​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​យល់ ដូច​ជាច្បាប់​ចរាចរណ៍ គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង នៅ​តាម​ភូមិ វត្ត​អារ៉ាម សាលា​រៀន ទី​ប្រជុំ​ជន ក្នុង​ពេល​មាន​ពិធី​បុណ្យ​ទាន​ផ្សេងៗ។ ចំពោះ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចរាចរណ៍ ត្រូវ​អនុវត្ត​តាម និងបង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង ដឹក​នាំ​ត្រួត​ពិនិត្យ​ដើម្បី​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សា​ភ្ជាប់​​ជា​មួយ​សហគមន៍​។ ត្រូវ​បង្កើន​ការ​ប្រមូល​ផ្តុំ​ ដឹក​នាំ​មូល​ដ្ឋាន​ ឲ្យ​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ការ​ថែ​​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ព្រម​ទាំង​ខិត​ខំ​ដោះ​ស្រាយ​នូវ​រាល់​សំណូម​ពរ​ដែល​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ឲ្យ​បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ត្រូវ​ផ្សព្វ​ផ្សាយ​អោយ​បាន​ទូលំ​ទូលាយ និង​ជ្រួត​ជ្រាប​នូវ​ទស្សនៈ និង​វិធី​សាស្រ្ដ​ដែល​ធ្វើ​អោយ​សម្រេច​បាន​នូវ​ខ្លឹម​សារ​នៃ​ប្រធាន​បទ “ភូមិ ឃុំ មាន​សុវត្តិភាព” ជូន​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​មហាជន និង​គ្រប់​ទី​កន្លែង​ទាំង​អស់៕