កិច្ចប្រជុំប្រចាំខែក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ

142

ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​ប្រចាំខែ នៅ​សាលាខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រមទាំង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ សរុប​ប្រមាណ ១០០នាក់ ។

កិច្ចប្រជុំ​បាន​ពិនិត្យ ពិភាក្សា និង​ឯកភាពគ្នា​លើ​ការងារ​សំខាន់ៗមួយចំនួន ដែល​ត្រូវអនុវត្ត​នៅ​មូលដ្ឋាន​ក្រុង​ស្រុក​ទាំង ០៨ នៃ​ខេត្តកំពង់ធំ ឲ្យ​មាន​ប្រសិទ្ធភាព មានដូចជា៖

១- ការងារ​ឆ្វៀល​ដី​នៅ​តំបន់៣ សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យផល ដោយ​ជម្រុញ​ការចេញ​សលាក​ប័ត្រ​ព័ត៌មាន​ជូនដល់ដៃ​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​តំបន់​នីមួយៗ ។
២- ការ​ជម្រុញ​ការងារ​រៀបចំ​បែបបទ លិខិតស្នាម កាត់​ឆ្វៀល​ដី​ពី​តំបន់២ មក​តំបន់១ ដោយ​ត្រូវអនុវត្ត​ជា​ជំ​ហ៊ានៗតាម​ស្ថានភាព​ជាក់ស្តែង ។
៣- ការកំណត់​ទំហំដី​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិរក្ស​សត្វខ្សឹប ដោយ​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​ជាក់ស្តែង​អោយ​បាន​រួចរាល់​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ។
៤- ការ​ជម្រុញ​ការ​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ចេញពី​បញ្ជីសារពើភ័ណ្ឌ​របស់​មន្ទីរ អង្គភាព​មួយចំនួន​ក្នុង​ខេត្ត ។
៥- ជម្រុញ​ការសម្របសម្រួល ដោះស្រាយបញ្ហា​ដីធ្លី​ជាក់ស្តែង ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អភិរក្ស ប្រាសាទសំបូរព្រៃគុក ។
៦- ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ដឹកនាំ​របស់​សហគមន៍​ព្រៃឈើ និង​សហគមន៍​កសិកម្ម​ឡើងវិញ ។
៧- ការពង្រឹង​សហគមន៍​ប្រើប្រាស់​ទឹក ដើម្បី​ធ្វើការ​បែងចែក​ទឹក​ឲ្យ​បានច្បាស់លាស់ ជូន​ប្រជាពលរដ្ឋ​បង្កបង្កើនផល ។
៨- ការ​ជម្រុញ​រៀបចំ​បង្កើត​សហគមន៍​សិប្បកម្ម​កែច្នៃ​ឈើ នៅ​ឃុំ​ចុងដូង ស្រុក​បារាយណ៍ ។
៩- ការ​ជម្រុញ​ការធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​ទើប​គ្រប់​អាយុ ។
១០- ការពង្រឹង​ការផ្តល់​នូវ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​រហ័ស និង​មាន​តម្លាភាព ។
១១- ការ​ជម្រុញ​ពិនិត្យ និង​ដោះស្រាយ​នូវ​សេវា​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​នឹង សាលារៀន ផ្លូវលំ​ជនបទ ប្រព័ន្ធធារាសាស្រ្ត …។ល។
១២-ជំរុញ​ដោះស្រាយ បញ្ហា​សណ្តាប់ធ្នាប់ និង​អនាម័យ​សាធារណៈ ពិសេស​ការដោះស្រាយ​គំនរ​ស​ម្រាម តាម​ទីផ្សារ​ដែល​ធ្វើអោយ​បះ​ពាល់​ដល់​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ឯកឧត្តម​ប្រធាន​អង្គប្រជុំ​ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បន្ត​យកចិត្តទុកដាក់​គិតគូរ ពិនិត្យ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​ក្រុង​ស្រុក​ទាំង០៨ អោយ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​កាន់តែ​មាន​ភាពកក់ក្តៅ ជឿជាក់ និង​ទុកចិត្ត លើ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​មូលដ្ឋាន ៕