កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្រ លេខ ១២៩ អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់ក្នុងខេត្តកំពង់ធំ

244

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយកនៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និង ឯកឧត្តម ឧត្តមសេនីយន៍ឯក វ៉ា ឈូរ៉ា អគ្គនាយករងនៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយអនុក្រឹត្រ លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ១៥ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៧ ។

ឯកឧត្តម គង់ វិមាន លើកឡើងថា ក្នុងខេត្តកំពង់ធំនៅឆ្នាំ ២០០២ មានជនអន្តោប្រវេសន៍ចំនួន ២៩៣ គ្រួសារ ក្នុងនោះចំនួន ១,១០៦នាក់ ជាជនជាតិវៀតណាម។ រីឯឆ្នាំឆ្នាំ២០១៥-២០១៦ មានជនអន្តោប្រវេសន៍ចំនួន៣៨១គ្រួសារ ក្នុងនោះចំនួន ១.២១០នាក់ មានការកើនឡើងចំនួន ១០៤ នាក់ ដែលមានបីជនជាតិ គឺ វៀតណាម ថៃ និងឡាវ។ ដោយមើលឃើញចំនួននៃការកើនឡើងជនអន្តោប្រវេសន៍ ថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន៍ ក្រុមការងារជំនាញអន្តោប្រវេសន៍ និងអន្តរក្រសួងនៅឆ្នាំ២០១៧ ចុះធ្វើអធិការកិច្ច ចំនួន ៥១ទីតាំង ក្នុងនោះបានរកឃើញពលករ ចំនួន ៤២៨នាក់ មកពីសញ្ជាតិ ១៣ផ្សេងគ្នា ដែលមាន ៤១៨នាក់ មានឯកសារស្របច្បាប់ និង១០នាក់ផ្សេងទៀត ដែលធ្វើការងារ មិនស្របច្បាប់ ក្នុងនោះមានជនជាតិវៀតណាម ថៃ ចិន និងជនជាតិអាមេរិចផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង មានប្រសាសន៍លើកឡើងថា ការលុបចោល និងដកហូតរាល់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ គឺជាគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងលុបបំបាត់ពាក្យចចាមអារ៉ាម ដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍រស់នៅដោយខុសច្បាប់។

ឯកឧត្តមបន្តថា ដើម្បីឲ្យការអនុវត្តការងារមានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលបានបង្កើតនូវក្រុមការងារអន្តរក្រសួងដែល មានការចូលរួមចំនួនបួនក្រសួងគឺ ១). ក្រសួងការបរទេស មានការត្រួតពិនិត្យពីច្បាប់ជាតិ និងអន្តរជាតិ ២). ក្រសួងយុត្តិធម៌ ដែលមានស្ថាប័នតុលា ៣). ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និង ៤). ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាអ្នកដឹកនាំ មានភារកិច្ចអនុវត្តចំនួនបួនករណី គឺ ១). ការបញ្ជូល និងអនុវត្តលើចំណុចខ្វះខាតដែលមានចាប់តំាងពីឆ្នាំ២០០២ នៃរយៈពេលដ៏យូរនេះ ២). ជាអ្នកកាន់ឯកសារមិនប្រក្រតី មានន័យថា ការធ្វើឯកសារដែលមិនទាន់សមស្របទៅតាមច្បាប់ ៣). អ្នកកាន់ឯកសារអត្តសញ្ញាណកម្ម និង៤). អ្នកស្នាក់នៅយូរ ដែលអ្នកទាំងបួនជំពូក ត្រូវមកអនុវត្តន៍តាមអនុក្រឹត្រ លេខ ១២៩ អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា ការអនុវត្តនូវការងារទាំងអស់នេះជា ជម្រើសដ៏ល្អសម្រាប់ពួកជនអន្តោប្រវេសន៍ ដែលចង់រស់នៅលើទឹកដីនៃប្រទេសកម្ពុជា ក្នុងការផ្តល់នូវសិទ្ធិស្របច្បាប់ ដែលមានការទទួលស្គាស់ដោយនីតិរដ្ឋ ដែលបានផ្តល់នូវអត្ថប្រយោជន៍ ដល់ជនអន្តោប្រវេសន៍ នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក នៅក្នុងប័ណ្ណមានឈីប ដែលបានបញ្ចូលនូវសហមាជិកគ្រួសារ របស់ពួកគាត់ កូនៗរបស់គាត់មានសិទ្ធិរៀនសូត្របានខ្ពង់ខ្ពស់ អាចទៅលេងប្រទេសខ្លួន ដោយធ្វើការប្តូរនូវប័ណ្ណអន្តោប្រវេសន៍ ជូនដល់ពួកគាត់ ជាពិសេសនោះក្រោយពីការចុះសញ្ជាតិរួចហើយ ពួកគាត់អាចរៀនអក្សរខ្មែរ និងស្វែងយល់ពីវប្បធម៌ខ្មែរបាន។

ជាចុងក្រោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សូមធ្វើការអំពាវនាវ និងផ្តាំផ្ញើរ ឲ្យបងប្អូនអន្តោប្រវេសន៍ទាំងអស់ ធ្វើការសហការណ៍ជាមួយមន្រ្តីពាកព័ន្ ធដើម្បីអនុវត្តការងារ ប្រកបដោយតម្លាភាព និងសុក្រឹតភាព ក្នុងគោលដៅចូលរួមគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ចៀសវាងការរស់នៅ ដោយមិនមានការទទួលស្គាល់ ពីអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា។