កិច្ចប្រជុំផ្សព្វផ្សាយ ប្រកាស និង សេចក្តីណែនាំ​របស់ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធនឹង​​​ដំណើរ​ការ​ប្រកាស​ចូល​កាន់​ដំណែង​របស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

176

.

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាស និងសេចក្តីណែនាំ ពាក់ព័ន្ធដំណើរការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ របស់​ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរ លោក លី វេត នាយកទីចាត់ការផែនការ និងវិនិយោគ បានធ្វើបទបង្ហាញស្តីពី៖

១.ការធ្វើប្រតិភូកម្មអំណាចអភិបាលរាជធានី-ខេត្ត ក្នុងការចាត់តំាងដំណើរការ​នៃកិច្ចប្រជុំលើក​ដំបូង​របស់​ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិថ្មី។

២.ការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រកាស​ឈ្មោះ​មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ និងការចាប់ផ្តើម​បំពេញ​ការងារ​​បន្ទាប់​ពី​ការ​ប្រជុំលើកដំបូង។

៣.ការរៀបចំរបាយការណ៍សង្ខេបសម្រាប់ការផ្ទេរពីក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិចាស់ ទៅឲ្យក្រុមប្រឹក្សា​ឃុំ-សង្កាត់អាណត្តិថ្មី។

៤.ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។

៥.ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា៖ សូមលោកអភិបាលក្រុងស្រុកទំាងអស់ត្រូវ​ត្រៀម​លក្ខណៈ​​ដើម្បីគាំទ្រដល់ដំណើរការ ប្រកាសសុពលភាពចូលកាន់មុខតំណែង របស់ក្រុមប្រឹក្សា ឃុំ-សង្កាត់​អាណត្តិទី៤ ឆ្នាំ២០១៧ នៅតាមឃុំសង្កាត់នីមួយៗ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន​ប្រកាស​លទ្ធផល​ជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកាសសុពលភាពនៃកិច្ចប្រជុំលើកដំបូង ក្រោយរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃ​ប្រកាស​​លទ្ធផលជាផ្លូវការ ជាពិសេសឯកឧត្តម ណែនាំឲ្យក្រុងស្រុកត្រៀម​រៀប​ចំកាលវិភាគ ចូលរួមជា​គណៈ​អធិបតី​ក្នុងកិច្ចប្រជុំលើកដំបូង នៅតាមឃុំសង្កាត់នានា ក្នុង​ខេត្តកំពង់ធំ ដើម្បីឲ្យឃុំ-សង្កាត់ បន្តរភារកិច្ច​របស់​ខ្លួន​ក្នុងការបម្រើប្រជាពលរដ្ឋ៕