កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងរដ្ឋបាលខេត្តកំពង់ធំ

14

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ធំរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងរដ្ឋបាលខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការក្នុងទឹកដី​ខេត្តកំពង់ធំ ។

ជាមួយគ្នានោះដែរឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខដ៏កក់ក្តៅពី​សំណាក់​សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់​ថ្នាក់ក្នុងខេត្តកំពង់ធំ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ខេត្តកំពង់ធំ ក្រោមការ​ខិតខំ​ប្រឹងប្រែងដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមានទំនាក់ទំនងសហការល្អជាមួយនឹង​សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំក៏បានចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់នៅ​ជំងឺរីករាលដាលកូវី១៩ បានហ្មតចត់ ស្របតាមការណែនាំ​របស់​ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលបានចុះមកបំពេញបេសកកម្មលើទឹកដីខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីស្វែង​យល់ពីការ​ដឹកនាំ​ការ​គ្រប់គ្រងរបស់អាជ្ញាធរដែនដី អង្គភាពជំនាញ ពីដំណើរការអនុវត្តន៍ច្បាប់កន្លង ។ ទន្ទឹមនឹងនោះ​ឯកឧត្តម​មាន​ប្រសាសន៍បន្ថែមទៀតថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តទទួលបានពាក្យ​បណ្ដឹងចំនួន ១២ករណី ក្នុងនោះបានដោះស្រាយរួចរាល់ចំនួន ៦ករណី និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធចំនួន ៦ករណី ក្រៅពីនេះតាមរយៈការិយាល័យប្រជាពលរដ្ឋរទទួលបានពាក្យបណ្ដឹងចំនួន ៤៦ករណី ក្នុងនោះ សម្រុះសម្រួលបានចំនួន ១១ករណី បិទសំណុំរឿង ១ករណី ។ ប៉ុន្តែទោះបីជាមានការខំប្រឹងប្រែង យ៉ាងនេះក្តីខេត្តកំពង់ធំ នៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបញ្ហាទំនាស់ដីធ្លី ដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ៗគ្នាជាដោះស្រាយជាបន្តបន្ទាប់។