កិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

113

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលមានរបៀបវារៈនៃកិច្ចប្រជុំ៖ ១). ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត និង៤). បញ្ហាផ្សេងៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលតី៦ កាលពីថ្ងៃទី២៩ ខែកក្កដា រួចមក ប្រកបដោយភាពរលូន សូមលោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន នូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងទ្វេរដង ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ជាពិសេស ត្រូវចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលយកការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយ និងធ្វើការដោះស្រាយបញ្ហាសំរាម បញ្ហាទឹកលិច បញ្ហាផ្លូវ ជាតម្រូវការចាំបាច់រាល់ថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបញ្ជាដល់លោកអភិបាលក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត នូវស្ថានភាពសំរាមជុំវិញទីប្រជុំជន ជាពិសេស ជុំវិញផ្សារកំពង់ធំ មិនត្រូវមានការកកស្ទះសំរាម ដែលនាំឲ្យមានក្លិនស្អុយ ធ្វើឲ្យប៉ះពាល់សុខភាពដល់មនុស្សទូទៅ ម្យ៉ាងវិញទៀត អាចបណ្តាលឲ្យកកស្ទះក្នុងលូបង្ហូរទឹកស្អុយ ពេលមានភ្លៀងខ្លំាងម្តងៗ ធ្វើឲ្យលិចផ្សារផងដែរ និងត្រូវជ្រើសរើសទីតំាងចាក់សំរាមឲ្យបានច្បាល់លាស់នៅតាមក្រុងស្រុកនីមួយៗ ហើយទីតំាងនោះ មិនត្រូវមានការប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅឡើយ។ ទន្ទឹមនឹងមានការខិតខំរបស់អាជ្ញាធរក្រុងស្រុក ក៏ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផ្ទាល់ ក្នុងការទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តកំពង់ធំ មានភព្វសំណាង ជាពិសេសនៅក្នុងក្រុងស្ទឹងសែន ដែលទទួលបានគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន ៤គម្រោង រួមមានគម្រោងសាងសង់ទំនប់ក្រវ៉ាត់ក្រុងសន្តិភាព គម្រោងប្រព័ន្ធលូរំដោះទឹក អាស្តុកសំរាម និងអាងចំរោះទឹកស្អុយ ដែលបានកំពុងអនុវត្តជាបណ្តើរៗហើយ។ ឯកឧត្តមបន្ថែមទៀតថា ខេត្តកំពង់ធំ បានកែប្រែមុខមាត់ជាថ្មី ដោយយើងបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ទាំងនៅទីក្រុង និងនៅជនបទ ជាពិសេសនៅក្នុងក្រុងស្ទឹងសែន គឺមានការកែលម្អសោភ័ណ្ឌភាពក្រុង និងហេដ្ឋារចនាសម្ព័ន្ធ ដោយបានកំណត់ដីចំណីផ្លូវច្បាស់លាស់ ដោយសិក្សាលើគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតំាងក្នុងស្ទឹងសែន មានដាក់ភ្លើងស្តុប និងសាងសង់ផ្លូវឯកទិស ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ការកែលម្អសួនច្បារតាមទ្រូងផ្លូវ និងពង្រីកសួនកុមារ ឲ្យមានសម្រស់កាន់តែស្អាត ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត ផងដែរ៕