កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

177

នៅ​ព្រឹក​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋ​ខេ​បាល​ខេត្តកំពង់ធំ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៧ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ:អភិបាលខេត្ត​កំពង់ធំ ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលរង​ខេត្ត និង​លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត។

អង្គប្រជុំ​បានដាក់​ជូន​នូវ​របៀបវារៈ​ចំនួន បី គឺ៖
១. ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ សាមញ្ញ​លើក​ទី ៣៦ របស់​ក្រុមប្រឹក្សា​ខេត្ត
២. ពិនិត្យ និង​អនុម័ត​របាយការណ៍ ប្រចាំខែ​ឧសភា ឆ្នាំ២០១៧
៣. ផ្សេងៗ។

បន្ទាប់ពី​ដាក់ជូន​ នូវ​របៀបវារៈ​ខាងលើ​ ដើម្បី​ធ្វើការ​ពិភាក្សា​រួចមក អង្គប្រជុំ​បានអនុម័ត​លើ​របៀបវារៈ​ចំនួន ២ ដោយមាន​ការកែសម្រួល និង​បំពេញបន្ថែម ​លើ​ចំនុច​មួយចំនួន​ក្នុង​របាយការណ៍ តាម​សំណូមពរ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។

ជា​បន្ត​មកទៀត ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​មានប្រសាសន៍ថា ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ជា​ថ្នាក់ដឹកនាំ​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ពួកគាត់។ ការផ្តល់សេវា​សាធារណៈ​គឺជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​បំផុត ទាំង​ភាព​រហ័ស ទាន់ពេល យកចិត្តទុកដាក់​ មិន​ខ្ជីខ្ជា​ មិន​ព្រងើយកន្តើយ និង​យក​កម្រៃ​ជើងសារ​ជាដើម ។ លើសពីនេះទៅទៀត ការផ្តល់សេវា​អគ្គិសនី និង​ទឹកស្អាត​ក៏មាន​សារៈសំខាន់​ផងដែរ ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ រីឯ​ចំណីអាហារ​វិញ ​ត្រូវមាន​ការចុះ​ត្រួតពិនិត្យ ​នៅតាម​ទីផ្សារ អំពី​កាលបរិច្ឆេទ​ប្រើប្រាស់ និង​គុណភាព​របស់​ផលិតផល ដូចជា​ការពិនិត្យ​លើ​សារធាតុគីមី​ក្នុង​ម្ហូប ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ ​ទាំង​ផ្លូវកាយ និង​ចិត្ត រួមទាំង​កម្រិតជីវភាព​ដ៏​ល្អប្រសើរ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន  គឺជា​កញ្ចក់ឆ្លុះ​បញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច ប្រទេសជាតិ និង​ជា​សូចនាករ ​ដើម្បី​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ៧% ក្នុង​មួយឆ្នាំ​ឲ្យ​ស្ថិតនៅ​បន្តទៀត ៕