កុំព្យូរទ័រយួរដៃ (Laptop) ចំនួន ៥២គ្រឿងជូនដល់សមាជិក គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុក

56

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនដល់ប្រធានមន្ទីរអង្គភាព និងនាយកសាលាត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងមានភាពទទួលខុសត្រូវ ។ ឯកឧត្តមបានថ្លែងដូច្នេះក្នុងពេលចែកកុំព្យូរទ័រយួរដៃ (Laptop) ចំនួន ៥២គ្រឿងជូនដល់សមាជិក គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុកនិងស្ថាប័នគោលដៅនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។ ពិធីនេះមានការចូលរួម អង្គភាពមន្ទីរពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ប្រធានការិយាល័យ ស្រុកប្រតិបត្តិ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក និងគ្រប់វិទ្យាល័យក្នុងខេត្ត ។

ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា ការចែកកុំព្យូទ័រយួរដៃ(Laptop) គឺដើម្បីគាំទ្រដល់ដំណើរការនៃការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត ក្រុង ស្រុក ព្រមទាំងការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់ស្ថាប័នគោលដៅ ការការវាយតម្លៃអង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលរួមមានគ្រប់វិទ្យាល័យជាគ្រឹះស្ថាន គ្រប់មន្ទីរពេទ្យបង្អែក ។ ឯកឧត្តម បានបន្តទៀតថា ចំពោះប្រធានមន្ទីរអង្គភាពអភិបាល ក្រុង ស្រុក ត្រូវពិនិត្យ និងពង្រឹងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងភាពទទួលខុសត្រូវ កុំរង់ចាំតែបញ្ជាពីថ្នាក់លើ ត្រូវគិតថាអង្គភាពរបស់ខ្លួនធ្វើអ្វីខ្លះ ? ហើយការផ្តល់សេវាសាធារណៈត្រូវទៅតាមច្រកចេញចូលតែមួយ។

ចំណែកវិស័យសុខាភិបាលត្រូវត្រួតពិនិត្យឡើងវិញ ចំពោះឱសថស្ថានក្រែងមានលក់ឱសថក្លែងក្លាយ រឺហួសកាលបរិច្ឆេទ និងត្រូវយកចិត្តទុកដាក់លើអ្នកជម្ងឺ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកវិស័យអប់រំត្រូវត្រួតពិនិត្យទៅលើសម្ភារៈរូបវ័ន្ត យកចិត្តទុកលើសិស្សក្រីក្រ សិស្សពិការ សិស្សស្រីជាដើម ។ ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើការងាររបស់ខ្លួនតាមជំនាញឲ្យបានត្រឹមត្រូវវិជ្ជាជីវៈនិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ជាមួយគ្នាដែរឯកឧត្តមបានចែកជូននូវកុំព្យូរទ័រយួរដៃ(Laptop)យកទៅប្រើប្រាស់ក្នុងអង្គភាពម្នាក់មួយគ្រឿងផងដែរ ៕