ក្នុងថ្ងៃតែមួយ ឯកឧត្តម សុខ លូ ប្រគល់ផ្ទះ១ខ្នង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១២០គ្រួសារ ចំនួន ៤ទីតំាង

145

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងក្រុមការងារបានប្រគល់ផ្ទះ ១ខ្នង ធ្វើពីឈើ ជញ្ជាំងស័ង្កសី ក្រាលក្តា ដំបូលស័ង្កសី ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ដែលចំណាយប្រាក់អស់ជិត ៥លានរៀល ជូនគ្រួសារទីទ័លក្រ ជាស្ត្រីមេម៉ាយ ឈ្មោះ វន រ៉េត អាយុ ៣៧ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន ៤នាក់ រស់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រគល់សម្ភារៈកំដរដៃនូវ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ឆ្នាំង ២ ធុងទឹកចំណុះ ៨០ ចំនួន ១ ធុងចំរោះ ១ ការដុង ១ និងកន្ទេល ១ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារយោធិន គ្រួសារទីទ័លក្រ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១២០គ្រួសារ ចំនួន ៤ទីតំាង ទី១ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ទី២ នៅឃុំត្បែង ស្រុកកំពង់ស្វាយ ទី៣ នៅសង្កាត់អូគន្ធរ និងទី៤ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមួយគ្រួសារ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ឃីដ ១កញ្ចប់ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ជួយឧបត្ថម្ភនូវ ថ្មធំ ៤០ម៉ែត្រគូប ថ្មតូច ៣០ម៉ែត្រគូប ស៊ីម៉ង់ ៥តោន ដល់វរៈសេនាតូចលេខ១ នៃប្រតិបត្តិការសឹងរងខេត្តកំពង់ធំ ដើម្បីសាងសង់ផ្ទះបាយ។

ក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម សុខ លូ និង ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល ដែលជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា តែងតែប្រារព្ធធ្វើទិវា ៨ ឧសភា ដើម្បីប្រមូលថវិកា និងសម្ភារៈ សម្រាប់ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក «ទីណាមានទុក្ខលំបាកទីនោះតែងតែមានកាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច»។ ជាមួយគ្នានោះដែរ ឯកឧត្តមបន្ថែមថា «ជនឱកាសនិយមដែលព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជាតិ មិនត្រូវលើកលែងឡើយ»។

ឯកឧត្តម សុខ លូ និង ឯកឧត្តម ឈុន ឈន់ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យដើម្បីបញ្ជៀសជំងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ហើយចាំបន់ស្រន់តាមទំនៀមទំលាប់ប្រពៃណីជាក្រោយ និងទំលាប់ហូបស្អាត រស់នៅស្អាត ផឹកស្អាតជានិច្ច ។

ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕