ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បើកវេទិកាសាធារណៈនៅស្រុកសន្ទុក

246

នៅក្នុងអង្គវេទិកាសាធារណៈ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនជាច្រើន ដែលពួកគាត់បានជួបប្រទះ ក្នុងនោះមានដូចជា បញ្ហារៀបចំ និងតបណ្តាញអគ្គិសនី ការប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងការពង្រីកដីចំណីផ្លូវ ការឆក់ត្រីតាមបឹងធម្មជាតិ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងជាដើម។ វេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ រៀបចំដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអាជ្ញាធរដែនដី ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោក នួន ណុំ អគ្គនាយករងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម ទូច រិទ្ធី មានប្រសាសន៍លើកឡើងថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីបី សំខាន់ៗគឺ៖ ១. ជួយជំរុញសកម្មភាពអសកម្ម និងកាត់បន្ថយអំពើពុករលួយក្នុងសង្គម ២. ជួយផ្សព្វផ្សាយពីច្បាប់ដែលបានអនុញ្ញាតឲ្យបានប្រើប្រាស់ជាធរមាន និង ៣. ធ្វើវេទិកាសាធារណៈនេះ គឺសម្រាប់ដោះស្រាយទុក្ខកង្វល់របស់បងប្អូន ក្នុងនោះឯកឧត្តមបានឲ្យមន្ត្រីជំនាញតាមមន្ទីរអង្គភាព ធ្វើការឆ្លើយបំភ្លឺនូវបញ្ហារបស់ប្រជាពលរដ្ឋលើកឡើងបានមួយចំនួនធំ និងបញ្ហាដែលនៅសល់ដែលក្រុមការងារមិនអាចដោះស្រាយបាន និងធ្វើរបាយការណ៍ដាក់ជូនថ្នាក់លើអនុវត្តដោះស្រាយបន្តទៀត។ យោងតាមប្រសាសន៍លើកឡើងរបស់លោកអធិការស្រុកសន្ទុក លើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានទាន់ហេតុជូនដល់កងកម្លំាងសមត្ថកិច្ចបានទាន់ពេលវេលា និងចុះបង្ក្រាបបទល្មើលបានជាក់ស្តែង លោកនឹងផ្តល់ជូននៅរង្វាន់លើកទឹកចិត្តផងដែរ។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ អំពាវនាវដល់អាជ្ញាធរមូលដ្ឋានខិតខំបម្រើសាវាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងមុន ជាពិសេសត្រូវចុះតាមមូលដ្ឋាន ខិតខំធ្វើអំពើល្អឲ្យបានទ្វេរដងជាមួយប្រជាពលរដ្ឋ ដោយសាកសួរសុខទុក្ខ និងទទួលយកសំណូមពររបស់ពួកគាត់ ដើម្បីរាយការណ៍អាជ្ញាធរខេត្ត យើងត្រូវនាំគ្នាគោរពច្បាប់ទំាងអស់គ្នា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ បងប្អូនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តច្បាប់ បញ្ហាឆក់ត្រី គ្រឿងញៀន បទល្មើសព្រៃឈើ ជាពិសេសសូមបងប្អូនខិតខំថែរក្សាសុខសន្តិភាពនេះបន្តទៀត ដើម្បីអនាគតកូនចៅយើង។