ក្រុង ស្រុក ចំនួន ៣ ក្នុង​ខេត្តកំពង់ធំ ទទួលអំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា

54

នៅ​ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន បាន​ចាត់តាំង​ក្រុមការងារ​ដឹកនាំ​ដោយ​លោកជំទាវ ហ៊ួន ច័ន្ទ​បូរ៉ា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​លោកជំទាវ ព្រមទាំង​សមាជិក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​អ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ជនពិការ កុមារកំព្រា និង​គ្រួសារ​ងាយ​រងគ្រោះ​បំផុត ចំនួន ២.១៦១ គ្រួសារ មកពី ២១ ឃុំ-សង្កាត់ ក្នុង​ក្រុង-ស្រុក​ចំនួន៣ មាន​ស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

លោកជំទាវ ហ៊ួន ច័ន្ទ​បូរ៉ា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ការ​នឹករលឹក និង​បានផ្តល់​សារ​អំពាវ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ផ្តាំផ្ញើ​រ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ មាន​អនាម័យ​ល្អ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ ដូចជា សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ បរិភោគ​អាហារ​ដែល​ផ្តល់​សុខភាព ផឹកទឹក​ដាំ​ពុះ គេង​ក្នុង​មុង​ជានិច្ច ការពារ​កុំ​ឲ្យ​មូស​ខាំ ជៀសវាង​កើត​ជំងឺគ្រុនចាញ់-និង​ជំងឺឆ្លង​ផ្សេងៗ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ។ លើសពីនេះ​ទៀត សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​លេបថ្នាំ​ឲ្យ​បាន​គ្រប់​ចំនួន​ដង​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ ហើយ​ត្រូវខិតខំ​ប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បី​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរឡើង ។

ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា តំណាង​ប្រជាពលរដ្ឋ​អ្នកទទួល​អំណោយ​ទាំងអស់ បានធ្វើការ​គោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិសាសន៍ ពណ៌ស​ម្បុរ ឬ​និន្នាការនយោបាយ​អ្វី​ឡើយ និង​សូមជូនពរ​សម្ដេច​ជាពិសេស​ក្នុង​ថ្ងៃខួបកំណើត​របស់​សម្តេច សូម​សម្តេច និង​ក្រុមគ្រួសារ​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។ ជាមួយគ្នា​នោះដែរ ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស សូម​បន្ត​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​បន្ថែមទៀត។

អំណោយ​ដែល​បានផ្ដល់​ជូន​រួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និង​ថវិកា​មួយចំនួន​ផងដែរ។

សូមបញ្ជាក់​ជូន​ថា កាកបាទក្រហមកម្ពុជា នឹង​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​នេះ រហូតដល់​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលមាន​ចំនួន​សរុប ៣.៧១៤ គ្រួសារ នៅតាម​បណ្តា​ស្រុក​ជាបន្តបន្ទាប់​ទៀត៕