ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំលើកដំបូងសម្រាប់អាណត្តិទី៣

108

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១របស់ខ្លួន សម្រាប់អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្តទាំង២៥រូប ក្រោមវត្តមាន ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឈុន ឈន់ បានលើកឡើងថា យោងមាត្រា៧០នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវ ឲ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ យោងតាម ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៤១០៦ ប្រក ចុះ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានកំណត់ថា ក្នុង កិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សា ត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហា៖ ទីមួយៈ ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទ ប ញ្ជា ផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ទីពីរៈ ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។ និងទីបីៈ បញ្ហាផ្សេងៗ។ ឯកឧត្តមក៏បានបន្តថា ដោយសារមិនទាន់មានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសម្រាប់អណ្ណត្តិទី៣ ហេតុនេះ ក្រុមប្រឹក្សាមិនត្រូវអនុម័ត បញ្ហាណាមួយ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បានលើកឡើងថាការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើន ជឿនលឿនជារៀងរាល់ឆ្នាំ ស្របតាមការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។ ប្រាំឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាបានយ៉ាងមានប្រសិទ្ធភាព និងពិតជាបានចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច បង្កបង្កើតការងារ បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងធានាប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងគ្រប់គ្រងធនធានគ្រប់ប្រភេទបានយ៉ាងល្អប្រសើរ និងបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ដែលធានារាល់ប្រតិបត្តិការ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋនៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ ប្រជាពលរដ្ឋកាន់តែ មានភាពងាយស្រួលក្នុងការមក ទទួលសេវាសាធារណៈ ជាក់ស្ដែងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ត្រូវបានដាក់ឲ្យដំណើការ បម្រើសេវាជូនប្រជាពលរដ្ឋ និងយន្តការច្រកចេញចូលតែមួយតាមបណ្តាស្រុកកំពុងតែរៀបចំដំណើរការ លើកលែងតែក្រុងស្ទឹងសែនដែលបានដំណើរការមុនគេ និងស្រុកស្ទោងទើបដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលខេត្តកំពង់ធំ ដោយមានកិច្ចសហការយ៉ាងល្អពីមន្ទីរជំនាញ ស្រុក ក្រុង និង ស្ថាប័ននានាជុំវិញខេត្ត បានចូលរួមចំណែកការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យសភាពការណ៍ ទូទៅរបស់ខេត្តមានស្ថេរភាព សុវត្ថិភាព និងបានកសាងសេដ្ឋកិច្ចជនបទ ព្រមទាំងបានពង្រឹងភាពជាដៃគូ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបង្ហាញពីការចូលរួមចំណែកដ៏ធំធេង ក្នុងការសម្រេចផែន ការអភិវឌ្ឍប្រាំឆ្នាំរបស់ខេត្ត និងគោលដៅអភិវឌ្ឍសហសវត្សកម្ពុជា និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ក្នុងន័យរួមចំណែកអនុវត្តឱ្យបានជោគជ័យនូវទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕