ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំឆមាស ប្រចាំខែ និងពិនិត្យលទ្ធផលការងារឆ្នាំ២០២០ ជម្រុញអោយមានប្រសិទ្ធភាពខ្ពស់

30

(រដ្ឋបាលខេត្កកំពង់ធំ): ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ ក្រោម​អធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ​សាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៥ រួមមាន៖
១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៤. ពិនិត្យ និងអនុម័ត គម្រោងចំណូលចំណាយ សម្រាប់ឆ្នាំ២០២១
៥. បញ្ហាផ្សេងៗ

របៀបវារៈទាំងបួនខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។

ជាមួយគ្នានោះដែរឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ​ពិតជា​មានសារៈសំខាន់ចំពោះការតាក់តែងនូវឯកសារក្នុងកិច្ចប្រជុំ ជាពិសេសធ្វើឡើងសម្រាប់​ស្វែងរកនូវចំនុច​ខ្វះខាត​ដោយ សមាជិកដែលចូលរួមទាំងអស់លើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលំអឱ្យកាន់តែ​ល្អប្រសើរ​ឡើង សម្រាប់ទុកជាឯកសារដ៏ល្អ ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារ ពោរពេញដោយអត្ថន័យ ស្របទៅនឹង​ឯកសារគំរូច្បាប់ដើម។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ជាពិសេសឯកឧត្តម លោកជំទាវក្នុងជួរសមាជិកក្រុមប្រឹក្សាខេត្ត ដែលបាន​ជួយជំរុញ​ឲ្យការងាររដ្ឋបាលខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមលើស​ពីនេះ​ឯកឧត្តម សុខ លូ បានជំរុញដល់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព​ជុំវិញខេត្ត បន្ទាប់ពីបានលើកឡើងអំពីបញ្ហាប្រឈម នៅក្នុងកិច្ចប្រជុំ ត្រូវចុះទៅដល់មូលដ្ឋាន ដើម្បីសាកសួរ​សុខទុក្ខប្រជាពលរដ្ឋ ក្តាប់ឲ្យបានពីបញ្ហាលំបាកនិងសំណូមពររបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយ​នានា ក៏ដូចជាសម្រាប់ឆ្លើយតបនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ជាពិសេសខិតខំបន្តផ្សព្វផ្សាយវិធានការអោយ​បាន​ម៉ឺងម៉ាត់ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជៀសវាងមានការឆ្លងរីករាលដាលដល់​សហគមន៍​​នៅតាមមូលដ្ឋាន ការទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ​ឯកជន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។