ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន សម្រាប់អាណត្តិទី២ ក្នុងឆ្នាំ២០១៧ នៅស្រុុកកំពង់ស្វាយ

122

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាង២០០នាក់។

ឯកឧត្តម ដៀប ពីរី បានលើកឡើងថា ការរៀបចំវេទិការនេះ គឺផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួន ដែលជាអាទិភាព កើតមានឡើងនៅ ក្នុងមូលដ្ឋានរបស់បងប្អូន បានស្នើសុំឲ្យជួយធ្វើប្រឡាយទឹកក្រោមស្ពានថ្មឃុំក្តីដូង ជួយសាងសង់ស្ពាននៅឃុំក្តីដូង ជួយអន្តរាគមន៍ទៅក្រុមហ៊ុនចៅភិរុណ ឲ្យដាក់លូឆ្លងកាត់ផ្លូវត្រង់ចំណុចភូមិអំពិល ទៅទួលក្រឡាញ់ ដែលគាត់បានសន្យាយូរហើយ ប៉ុន្តែមិនទាន់ឃើញធ្វើ ជួយសាងសង់ផ្លូវលំក្រាលគ្រួសក្រហមពីភូមិកំពង់ស្វាយ ទៅអន្លង់ក្រសំាងប្រវែង ៥,៤៣៨ម៉ែត្រ ជួយជីកប្រឡាយថ្មីមួយខ្សែប្រវែង ១,៦០០ម៉ែត្រ ពីស្ទឹងកំបុតទៅបឹងផ្តោល ជួយពង្រឹងដល់មន្ត្រីបច្ចេកទេសក្នុងការអនុវត្តគម្រោងមូលនិធិឃុំ ជំនាញជលផល ហាមឃាត់ចាប់អ្នកប្រើប្រាស់ឧបករណ៍នេសាទលបមុខ១០០ តើហេតុអ្វីលបនេះមានលក់នៅទីផ្សារ? សមត្ថកិច្ចនៅឃុំផាត់សណ្តាយ អនុវត្តតួនាទីមិនបានត្រឹមត្រូវ។

ក្នុងពេលនោះដែរ ក្រុមការងារបានប្រមូលយកសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈប្រអប់សំបុត្រដែលក្រុមការងារបានចែកជូន ដើម្បីឲ្យមន្ត្រីជំនាញតាមមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ និងបំភ្លឺបញ្ហាមួយនានា និងបញ្ហាដែលនៅសេសសល់ ត្រូវយកទៅពិភាក្សាដោះស្រាយជាមួយជំនាញពាក់ព័ន្ធនៅ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ ម្យ៉ាងវិញទៀត លទ្ធផលជាច្រើនដែលក្រុមការងារបានរៀបចំសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០១៧-២០១៩) ទទួលបានជោគជ័យ ស្របតាមក្របខណ្ឌអភិវឌ្ឍន៍ និងសូចនាករជាក់លាក់ ព្រមទាំងយុទ្ធសាស្ត្រដែលជាមូលដ្ឋានសម្រាប់ធ្វើ សេចក្ដីសម្រេចចិត្ត ក្នុងការប្រើប្រាស់ធនធាន និងសក្ដានុពលនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវាកម្ម សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ។

ចុងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើដល់ប្រធានមន្ទីរអង្គភាពនិងមន្ត្រីទំាងអស់ ត្រូវខិតខំធ្វើការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងដោះបញ្ហាដែលប្រជាពលរដ្ឋបានជួបប្រទះ និងអំពើអយុត្តិធម៌ មានឆាប់រហ័ស និងមានភាពជឿជាក់ ម្យ៉ាងវិញទៀតក៏ត្រូវផ្តល់ នូវសេវាសាធារណៈជូនដល់អ្នកទទួលសេវា ឲ្យមានតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលា ផងដែរ។