ខួប​លើក​ទី​១០​នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា (២១ មិថុនា ២០០៧​ – ​២១ មិថុនា ២០១៧)

49

ព្រឹក​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៧ ឯក​ឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ធំ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ខួប​លើក​ទី១០​នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា (២១ មិថុនា ២០០៧​ – ២១ មិថុនា ២០១៧) ដែល​រៀប​ចំ​ឡើង​ដោយ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​កំពង់​ធំ នៅ​ បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិ​បត្តិការ​សឹក​រង​ខេត្ត​កំពង់​ធំ ។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោក លោក​ស្រី ប្រធាន អនុ​ប្រធាន​មន្ទីរ អង្គភាព​ជុំ​វិញ​ខេត្ត លោក​អភិបាល​ក្រុង-ស្រុក លោក​អធិការ​ក្រុង-ស្រុក សមាជិក សមាជិកា​នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​មក​ពី​ក្រុង-ស្រុកទាំង ៨ ចំនួន ១០០នាក់ ។

បន្ទាប់​ពី​ឯក​ឧត្តម ឧត្តម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ជា​ការ​តំបន់​សឹក និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​លោក អ៊ាប ឈុន​ស្រ៊ាង ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា និង​ជា​អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន បាន​អាន​សារាចរ​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​អតីត​យុទ្ធជន​កម្ពុជា​លើក​ទី​១០ និង​របាយការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​អតីត​យុទ្ធជនកម្ពុជា​ខេត្ត​កំពង់​ធំ ឆ្នាំ​២០១៦-២០១៧ និង​ទិស​ដៅ​អនុវត្ត​បន្ត មក ឯក​ឧត្តម សុខ លូ ក៏​បាន​ពាំ​នាំ​សារ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយ​ឧត្តម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ទិវា​អតីត​យុទ្ធជន​កម្ពុជា គឺ​ជា​ការ​រំលឹក​ឡើង​នូវ​វីរភាព គុណូប​ការៈ​របស់​អតីត​យុទ្ធជន​ដែល​បាន​ចូល​រួម​តស៊ូ​វាយ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និង​ចូល​រួម​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ពី​ស្ថានភាព​មាន​សង្គ្រាម អស្ថេរ​ភាព មក​មាន​សុខ​សន្តិភាព ដូច​ពេល​បច្ចុប្បន្ននេះ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​ដែល​បាន​អនុវត្ត​នយោ​បាយ ឈ្នះ ឈ្នះ ។

បច្ចុប្បន្ន​អតីត​យុទ្ធជន​កម្ពុជា​សរុប​មាន​ចំនួន ៣,៥២០នាក់ ក្នុង​នោះ មានដី​គ្មាន​ផ្ទះ ចំនួន ១០២​គ្រួសារ គ្មាន​ដី​គ្មាន​ផ្ទះ ចំនួន ១៦៣​នាក់ រស់​លើ​ដី​សា​ធារណៈ ចំនួន ០២​គ្រួសារ និង​អតីត​យុទ្ធជន​មាន​ដីមាន​ផ្ទះ​មិន​ទាន់​បាន​សមរម្យ ចំនួន ២៥​គ្រួសារ ។

ឯក​ឧត្តម អភិបាល​ខេត្ត បាន​បន្ថែម​ទៀត​ថា រាជ​រដ្ឋា​ភិបាល​បាន​និង​កំពុង​ធ្វើ​ការ​កែ​ទម្រង់​ហិរញ្ញ​វត្ថុ ដូច​ជា​ការ​កែ​ប្រែ​ពី​ការ​បើក​ប្រាក់​ខែ​ដោយ​ដៃ មក​តាម​ម៉ាស៊ីន ATM វិញ ។ សុខ​សន្តិភាព​មិន​មែន​បាន​មក​ដោយ​ងាយ​នោះ​ទេ ហើយ​ការ​រក្សា​សន្តិភាព​ក៏​រឹត​តែ​លំបាក​ទៅ​ទៀត តែ​ផ្ទុយ​ទៅ​វិញ​ការ​វិល​ទៅ​រក​សង្គ្រាម​វិញ​គឺ​ងាយ​បំផុត ។ ដូច្នេះ​ហើយ យើង​ត្រូវ​ខំ​ប្រឹង​តស៊ូ​បន្ត​ទៀត ដើម្បី​ឈ្នះ និង​រក្សា​សុខ​សន្តិភាព​នេះ ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា កន្លែង​ណា​មាន​ការ​សប្បាយ មិន​សូវ​មាន​មុខ​សម្តេច​ទេ តែ​កន្លែង​ណា​ដែល​ប្រជា​ជន​មាន​ជួប​ការ​លំបាក កន្លែង​នោះ​តែង​តែ​មាន​មុខ​សម្តេច​នៅ​ជា​មួយ​ប្រជា​ជន​ជានិច្ច ។ អង្គការ​​ពិភព​លោក​ក៏​បាន​វាយ​តម្លៃ​ដែរ​ថា បើ​ប្រទេស​កម្ពុជា​អាច​រក្សា​សុខ​សន្តិភាព​បាន​ដូច​សព្វ​ថ្ងៃ​នេះ ត្រឹម​តែ ៥ ឬ ៦​ឆ្នាំ ខាង​មុខ​ប៉ុណ្ណោះ កម្ពុជា​នឹង​អាច​ក្លាយ​ជា​កូន​ខ្លា​មួយ​នៅ​អាស៊ី​នឹង​គេ​ដែរ ដោយ​សារ​តែ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច ១២% ក្នុង​មួយ​ឆ្នាំ និង​មាន​អគារ​ពាណិជ្ជកម្ម​​ខ្ពស់ៗ ផ្លូវ​ខ្វាត់​ខ្វែង​ក្នុង​ទី​ក្រុង ទីប្រជុំជន និង​ទីជនបទ ។

ជា​ចុង​បញ្ចប់​ ឯក​ឧត្តម សុខ លូ បាន​ឧបត្ថម្ភ​អតីត​យុទ្ធជន​ម្នាក់ៗ​ទទួល​បាន​ថវិកា ចំនួន ៥ម៉ឺន​រៀល និង​ផ្តាំ​ផ្ញើ​ដល់​លោក​អភិបាល​ក្រុង​ស្រុក​ទំាង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ មើល​ថែ និង​ផ្តល់​ភាព​កក់​ក្តៅ  ផ្តល់​កម្លំាង​ចិត្ត ដោយ​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ពួក​គាត់​ជួប​ប្រទះ​ឲ្យ​អស់​ពី​លទ្ធភាព ៕