សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយចែកជូន​បងប្អូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត រងគ្រោះដោយទឹកជំនន់ ចំនួន៣៥៣គ្រួសារ នៅស្រុកប្រាសាទសំបូរ

47

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដោយមានការចូលរួមពី លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ឃឹង នុភាព សមាជិករដ្ឋសភានិងជាអនុប្រធានកិត្តិយស​សាខាកាកបាទក្រហមខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធានកិត្តិយ និងសមាជិក​សាខាកាកបាទក្រហមខេត្តជាច្រើនរូបទៀត បាននាំ យកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូន​ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត រងគ្រោះដោយ ទឹកជំនន់ ចំនួន៣៥៣គ្រួសារ អញ្ជើញមកពី៥៩ភូមិ នៅក្នុង៥ឃុំ របស់ស្រុក ប្រាសាទសំបូរ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ គឺទីតាំងទី១ ចែកនៅក្នុងបរិវេណវត្តវត្តចាន់ម៉ូលី ភូមិកំពង់ឈើទាល ដែលមានបងប្អូនចំនួន១៦៥គ្រួសារ អញ្ជើញមកពីឃុំសំបូរ និងឃុំតាំងក្រសៅ ហើយទីតាំងទី២ ចែកនៅក្នុងបរិវេណវត្តកំពង់ជ្វា ភូមិកំពង់ជ្វា ដែលមានបងប្អូនចំនួន១៨៨គ្រួសារ អញ្ជើញមកពីឃុំឈូក ឃុំគោល និងឃុំស្រើង ។ អំណោយមនុស្សធម៌ ដែលនាំយកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកនេះ ក្នុង១គ្រួសារទទួលបាន អង្គរ២០គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត២។

ឯកឧត្តម សុខ លូ បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែក ទុក្ខលំបាកជាមួយ បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាល​ការ​ខ្វះខាតរបស់​បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំបន្ថែម ដូចជាចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះស្រង់ស្ថិតិបងប្អូនដែលទទួល​ផលប៉ះពាល់ដោយទឹកជំនន់ឱ្យបានត្រឹមត្រូវ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្រូវត្រៀមស្រូវពូជ និងគ្រាប់ពូជដំណាំ សម្រាប់ផ្តល់ជូនបងប្អូនដែលទទួលផលប៉ះពាល់ទាំងនេះ ដើម្បីបង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ។ លើសពីនេះ​ទៅទៀត ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំត្រួតពិនិត្យសុខភាពបងប្អូនដែលមកតាំងទីលំនៅលើ​ទីទួលសុវត្ថិភាព និងនៅតាមមូលដ្ឋាន ដែលកំពុងជួបគ្រោះទឹកជំនន់នៅពេលនេះឱ្យបានជាប្រចាំ។ ចំណែកឯ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យការខូចខាតផ្លូវលំ ដើម្បីត្រៀម​លក្ខណៈ​ធ្វើការជួសជុលឡើងវិញនៅពេលទឹកស្រក ហើយមន្ទីរធនធានទឹក និងឧតុនិយម នៅពេលទឹកស្រក ត្រូវត្រៀម​ក្នុងការស្ដារ​ប្រឡាយ​ឡើងវិញ ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លាជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត បងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានការ​កើនឡើង​គួរឲ្យព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕