ខេត្តកំពង់ធំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

72

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានលើកឡើងអំពីសកម្មភាពដែលបានអនុវត្តកន្លងមក ក្នុងនោះយើងបាននាំគ្នាថែរក្សាអភិរក្ស ការពារ ជំរុញ និងលើកស្ទួយមរតកវប្បធម៌ទាំងរូបី យ និងអរូបីយ ឲ្យមាននិរន្តរភាពព្រោះមរតកទាំងនេះគឺជាអត្តសញ្ញាណរបស់ជាតិ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ ដើម្បីរក្សាកេរ្តិ៍ដំណែលវប្បធម៌ ដ៏ថ្លៃថ្លារបស់ជាតិ ទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់រាល់សកម្មភាពមិនល្អក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ ឯកឧត្តម បន្ថែមទៀតថា សង្គមជាតិនីមួយៗ តែងតែខិតខំប្រឹងប្រែងថែរក្សាការពារអភិវឌ្ឍន៍វប្បធម៌ និងអារ្យធម៌របស់ជាតិខ្លួនឲ្យមានស្ថេរភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម ជុច ភឿន ថ្លែងថា ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងឲ្យ មហាជន ជាពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ជាតិ ដ៏សម្បូរណ៍បែប ប្រកបដោយសក្តានុពលភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រជាជាតិយើង។ ជាពិសេស ធ្វើឲ្យយុវជនយើងជំនាន់ក្រោយ ចេះស្រឡាញ់ កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត ក្នុងការការពារវប្បធម៌ជាតិ ទាំងរូបីយ និងអរូបីយ។ ការចេះប្រើប្រាស់សក្តានុពលវប្បធម៌ ជាមូលដ្ឋានគ្រឹះចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយះការ បង្កើតស្នាដៃ និងផលិតផលវប្បធម៌។