ខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្តីពី សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ

196

ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីពី សន្តិភាព គឺជាមូល ដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិប្រឆំាងអំពើពុករលួយ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានអ្នកចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៣០០នាក់ ផងដែរ ។

ថ្លែងក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ដែលប្រជាពលរដ្ឋទទួលបាននូវសិទ្ធិសេរីភាពស្មើៗគ្មា ។ សម្រាប់ខេត្តកំពង់ធំយើងនេះ ពិតជាមានមោទនភាពខ្លំាងណាស់ ដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ថ្មីៗនេះ ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទន្ទឹមនោះដែរឯកឧត្តមបន្ថែមទៀតថា ប្រាសាទសំបូរព្រៃគុក នឹងមានការរៀបចំពិធីសែនព្រេន សុំសេចក្តីសុខតាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ដោយលើកឡើងថា ប្រទេសមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន លុះត្រាតែប្រទេសនោះមានសុខសន្តិភាព ហើយដើម្បីឲ្យសន្តិភាពនេះនៅស្ថិតស្ថេរយូរអង្វែងទៅបាន ក្នុងនាមយើងជាពលរដ្ឋត្រូវមានការគោរពច្បាប់ទាំងអស់គ្នា ។ ការគោរពច្បាប់ទាំងនោះ តម្រូវឲ្យយើងទាំងអស់គ្នាយល់ដឹងអំពីសិទ្ធិមនុស្ស ដែលជាទង្វើនៃការរស់នៅប្រចាំថ្ងៃ ក្នុងលក្ខខណ្ឌចាំបាច់ សម្រាប់ការរស់នៅក្នុងភាពជាមនុស្ស មានក្រមសីលធម៌និងវិន័យ លើសពីនេះទៅទៀតក្រុម នៃសិទ្ធិមនុស្សមានការបែងចែកជាពីរក្រុម គឺ សិទ្ធិពលរដ្ឋ និងនយោបាយ, សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ម្យ៉ាងវិញទៀតការលុបបំបាត់ការរើសអើងពូជសាសន៍ ការផ្តល់សិទ្ធិស្មើរគ្នា របស់ប្រជាពលរដ្ឋខែ្មរចំពោះមុខច្បាប់ ការបើកទូលាយលើជំនឿសាសនា និន្នាការនយោបាយ កាលុបបំបាត់វណ្ណៈសង្គម ការគោរពតាមនីតិវិធី របស់អំណាចតុលាកា ការការពារសិទ្ធិរបស់ខ្លួនក្នុងនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ចំពោះការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវប្រព្រឹត្តទៅតាមលក្ខខណ្ឌកំណត់នៃច្បាប់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដ៏ទៃផងដែរ ។

តាមរយៈលក្ខណៈទាំងអស់នេះ បានធ្វើឲ្យប្រទេសកម្ពុជារក្សាបាន នូវសុខសន្តិភាពដែល ជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ ស្ថាប័នសង្គមស៊ីវិល ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ឈានទៅរកការគោរពសិទ្ធិមនុស្ស និងអភិវឌ្ឍ ប្រកបដោយនីរន្តរ៍ភាព ។

បន្ទាប់សិក្ខាសាលាចប់ ក្រុមការងារបានបន្តរដំណើរ ចុះទៅទស្សនាប្រាសាទសំបូរព្រៃគុក ដែលមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត ។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់ព្រះសិវៈនិយម ៕