ខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំបុណ្យប្រពៃណីជាតិ

141

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំផែនការសម្ពោធក្លោងទ្វាសំពៅត្រៃលោក ត្រៃលក្ខណ៍, រៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ, បុណ្យវិសាខបូជា, ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្មាយុ ៦៥ យាងចូល ៦៦ ព្រះវស្សា និងផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ អនុវត្តអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យព្រះសង្ឃគង់ខ្ពស់ជាងឧបាសក ឧបាសិកា រាល់ពេលប្រារព្ធពិធីបុណ្យផ្សេងៗ។

បន្ទាប់ពីកិច្ចពិភ្សា និងរៀបចំផែនការរួចមក ឯកឧត្តម ញ៉ឹក បានខេង មានប្រសាសន៍លើកឡើងថា៖ ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីជាតិ ដើម្បីសម្តែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី បង្កើតបរិយាកាសសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ និងរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឲ្យបានគង់វង្ស ប្រកបដោយភាពរុងរឿង ដោយប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេសទទួលបានសព្ទសាធុការពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមបន្ថែមទៀតថា ខេត្តកំពង់ធំនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏បានរៀបចំកម្មវិធីសង្ក្រានថ្មីសំបូរព្រៃគុក ដែលមានរយៈពេលចំនួន ៣ថ្ងៃ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ដែលមានចំងាយ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ដោយមានការប្រគុំតន្ត្រី ល្បែងប្រជាប្រិយ ការសម្តែងសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការឡើងសសរខ្លាញ់ ប្រណាំងរទេះគោ កញ្ញាធ្លាក់ទឹក ជាដើម។ ក្នុងនោះទីរួមខេត្តកំពង់ធំ នៅពេលរាត្រី ក៏មានការបាញ់កាំជ្រួច ដើម្បីឲ្យកម្មវិធីចូលឆ្នាំថ្មីនេះ ឲ្យមានភាពអធឹកអធមបន្ថែមទៀត៕