ខេត្តកំពង់ធំ ទទួលជួបពិភាក្សាចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Panzhou(ផានចូវ) ប្រទេសចិន ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅមក

73

រដ្ឋបាលខេត្តកំពង់ធំ៖ ខេត្តកំពង់ធំរបស់កម្ពុជា ដែលជាខេត្តមួយស្ថិតនៅកណ្ដាលប្រទេសកម្ពុជា បានទទួលជួប​ពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាស្ដីពីកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពគ្នា ជាមួយទីក្រុង Panzhou ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមាន​ការរីក​ចម្រើនរួមគ្នា។

ការចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបពិភាក្សាស្ដីពីកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពគ្នានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ដោយភាគីកម្ពុជា, ខេត្តកំពង់ធំតំណាងដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ហើយភាគីចិន តំណាងដោយលោក លី លីងប៊ូ (Li Lingbo) អភិបាលក្រុង Panzhou ខេត្ត Guizhou។

ឯកឧត្តម សុខ លូ បានលើកឡើងថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការចាប់ដៃ​ចង​សម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍខេត្ត ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្រប​តាម​គោល​នយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្តេចតេជោហ៊ុន សែន

ក្នុងឱកាសនោះផងដែរ លោក Li Lingbo អភិបាលក្រុង Panzhou ខេត្ត Guizhou បានថ្លែងអំណរគុណ ដល់​ភាគី​កម្ពុជា​ដែលបានទទួលស្វាគមន៍ ហើយបានលើកឡើងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនង កិច្ច សហប្រតិបត្តិការ​ទៅវិញទៅមកយ៉ាងស៊ីជម្រៅ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅពេល​ពេល​វេលាសមស្រប នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា សេចក្ដីសង្ខេបកិច្ចប្រជុំ ដែលភាគីទាំងបានចុះហត្ថលេខា បានបកប្រែចេញជា៣ភាសា គឺភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស។ កិច្ចប្រជុំនេះបានពិភាក្សាអំពីអត្ថប្រយោជន៍បំពេញបន្ថែម និងទំហំសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រវាងទីក្រុងផានចូវ និង ខេត្តកំពង់ធំ លើផ្នែកកិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។ ភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើការ​ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ ដោយមិនមានកំណត់ និងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរទស្សនកិច្ច ធុរកិច្ចគ្នាទាំងសងខាង ការចរចាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតាំងពិព័រណ៍ និងសកម្មភាព​សេដ្ឋកិច្ច និងពាណិជ្ជកម្មដទៃទៀត៕