ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

341

ក្នុងរយៈពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ ប្រមាណជាង ២០ម៉ឺននាក់ ក្នុងនោះព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ចូលរួម ប្រមាណជិត ២០ម៉ឺននាក់ ផងដែរ។

ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក ដែលបានប្រារព្ធនៅក្នុងតំបន់បរិវេណប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយយោងតាមរបាយការណ៍របស់ លោក សេង អាន មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៨៦,១៣៧នាក់ និងអន្តរជាតិ ចំនួន ១៥២នាក់ មកទស្សនាកំសាន្ត និងលេងល្បែងប្រជាប្រិយនៅតំបន់នេះ។ ហើយក្នុងតួលេខនៃរបាយការណ៍ដដែល នេះក៏បានបញ្ជាក់ដែរថា បើសិនធ្វើការប្រធៀបនៃរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍ សង្រ្កានថ្មីសំបូរព្រៃគុកនេះដែរ គឺមានការកើនភ្ញៀវទេសចរណ៍ជាតិប្រមាណ ៧១.៥៩% និងភ្ញៀវអន្តរជាតិ ៦៦០.០០%។ មោទនភាពនៃ ការកើនឡើងដ៏អស្ចារ្យនេះគឺ ដោយសារតែ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់ជាសម្បត្តិបិតិកភណ្ឌអន្តរជាតិ និងមានប្រារព្ធពិធីសង្ក្រាន្តថ្មីសំបូរព្រៃគុក ដែលមានកម្មវិធីសប្បាយៗជាច្រើនដូចជា៖ របាំ លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ឡើងសសរខ្លាញ់ ទាញព្រ័ត ចោលឈូង ប្រដាល់បិទមុខ ប្រណាំងរទេះគោ ស្រង់ព្រះ ជាដើម ក្នុងនោះ ក៏មានការដាក់តាំងពិព័ណ៌នូវផលិតផល ភូមិមួយ ផលិតផលមួយ ដើម្បីបង្ហាញពីការរីកចម្រើននៃវិស័យកសិកម្ម និងសិប្បកម្ម និងញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយថែមទៀតនុះ គឺមានភូមិគួយនិម្មិត្ត ដែលបង្ហាញជាមួយដឹងខ្នាតយក្ស ជាអត្តសញ្ញាណរបស់ជនជាតិភាគតិចគួយ។ បន្ថែមពីនេះទៀតកងកម្លាំងសមត្ថកិច្ច បានខិតខំការពាររក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនមកទស្សនាកំសាន្តតាមតំបន់រមណីយដ្ឋាននានាបានល្អប្រសើរផងដែរ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរំាលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ដែលស្តែងឲ្យឃើញនូវភាពស្និទ្ធិស្នាល និងការយកចិត្តទុកដាក់ខ្ពស់ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។