គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រៀបចំពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ

93

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ប.ស.ប.ក (ប្រព័ន្ធស្បៀងបម្រុងកម្ពុជា) អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការដាំដុះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាល អភិបាលរងក្រុងស្រុក និងមេឃុំ ចៅសង្កាត់ទាំងអស់ព្រមទាំង មន្ទីរពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ការដាំបន្លែជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់សម្រាប់ធ្វើម្ហូបអាហារក្នុងការបរិភោគប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ដែលអាចជួយបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយការនាំចូលបន្លែ ពីប្រទេសជិតខាង ហើយសព្វថ្ងៃតម្រូវការបន្លែនៅក្នុងស្រុកកំពុងមានការខ្វះខាត ដែលតម្រូវឲ្យប្រជាពលរដ្ឋខ្លួនក្នុងស្រុកដាំបន្លែជាលក្ខណៈគ្រួសារបន្ថែមទៀត។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ រួមជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ បានសម្តែងនូវចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវកាដូដ៏ធំធេង នូវផ្លូវមួយខ្សែរ ប្រវែងជាង ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ឆ្ពោះទៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្ពាន ប្រវែង ៣.៩០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប ដែលជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាចំណងដៃថ្មីមួយទៀតជាប្រវត្តិសាស្ត្រក្នុងសម័យសម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់ទីកន្លែង។ ក្នុងនោះដែរ ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានគណៈបញ្ជាឯកភាពខេត្តកំពង់ធំ បានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើស ដែលធ្វើសកម្មភាពកាប់ចំនួន ៥កាំបិត មកលើមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន បង្កឲ្យរងរបួសធ្ងន់កាលពី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ។ ចំពោះករណីនេះ ឯកឧត្តម បានបញ្ជារឲ្យសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ និងធ្វើការវែកមុខជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបានជាដាច់ខាត។

ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ មានប្រសាសន៍លើកឡើងថា ការដាំបន្លែជាលក្ខណៈគ្រួសារជួយបង្កើនប្រាក់ចំណូល និងជួយកាត់បន្ថយការ នាំចូលបន្លែ ពីប្រទេសជិតខាង និងជួយបង្កើនសុវត្ថិភាពស្បៀងតាមរយៈការបរិភោគបន្លែសុវត្ថិភាព ដែលដាំដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់។ ហើយការចូលរួមដាំបន្លែជា លក្ខណៈ គ្រួសារ គឺបានជួយទាំងការកាត់បន្ថយចំណាយនៅក្នុងគ្រួសារ ជួយបង្កើនប្រាក់ចំណូល និងជួយ ថែរក្សារស្ថេរភាពនៃកំណើនសេដ្ឋកិច្ចរបស់ជាតិទៀតផង។ ឯកឧត្តមបន្ថែមថា គម្រោងជួយផ្គត់ផ្គង់គ្រប់ពូជបន្លែ និងដំណាំរួមផ្សំ ដែលហៅកាត់ថា (ប.ស.ប.ក) នេះគឺបានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទ អាចបង្កើននូវការផ្គត់ផ្គង់ស្បៀងដល់គ្រួសារ បង្កើននូវសុវត្ថិភាពដំណាំបន្លែ ដែលដាំនៅក្នុងស្រុក ជួយលើកកម្ពស់នូវការប្រើប្រាស់ដីកសិកម្ម និងការប្រសើប្រាស់វត្ថុធាតុដើម ដូចជាជីលាមកសត្វ និងថ្នាំពុលធម្មជាតិ ជាពិសេស គឺបានលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋខ្លួនឯងតាមការហូបបន្លែដែលខ្លួនឯងបានដាំ ដោយផ្ទាល់ផងដែរ៕