គណៈប្រតិភូ និងសហការីក្រុមការងារអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គី រវាងសម្តេចតេជោ និងអ្នកសារព័ត៌មានក្នុងស្រុក ប្រចាំឆ្នាំលើកទី៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

153

នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូ និងសហការីក្រុមការងារអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុក ប្រចាំឆ្នាំលើកទី៣ ដែលមកពីស្ថាប័នផ្សេងៗ​រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រមាណជា ៤,៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

គោលបំណងនៃការជួបជុំនេះគឺ សម្តេចចង់ស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានបានល្អត្រឹមត្រូវពិតប្រាកដតាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបម្រើសង្គមជាតិឲ្យកាន់តែប្រសើរឡើង។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយរកដ្ឋមន្ត្រី បានប្រកាសឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា សម្តេចតេជោបានសម្រេចបញ្ចប់រឿងរ៉ាវមួចដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឲ្យមានផ្នែកណាផ្សេងក្រៅតែពី “នគរបាលអន្តោប្រវេសន៍ និងគយ “ តែប៉ុណ្ណោះ។ ភ្នាក់ងារដៃៗទទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញអោយអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីអោយអ្នករកស៊ីទទួលបានផលចំណែញកាន់តែច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថាការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់ត្រូវអនុវត្តនូវចំនុចសំខាន់ៗមួយចំនួនដូចជា៖

១) ស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ ហើយជាកញ្ចក់ដែលស្អាត មិនមែនបែកឬប្រេះស្រាំ ផ្សាយព័ត៌មានមិនពិតពីសង្គម។

២) ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិតដោយមានការពន្យល់ច្បាស់​លាស់​ ផ្តល់ជាចំណេះដឹងដល់ប្រជាពលរដ្ឋ ឲ្យបានយល់ ឲ្យបានដឹង អំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ គឺទាំងក្នុងកម្រិតតាក់តែង និងកម្រិតអនុវត្តន៍ឲ្យមានប្រសិទ្ឋភាព។

៣)ស្នើឲ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ហើយក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។

៤) សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈអន្តរជាតិ ដើម្បីបានដឹងអំពីរឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅលើពិភពលោក ហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នកវិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេស ពីព្រោះកន្លងមកមានបរទេសគេវិភាគ និងផ្សាយពីកម្ពុជា ដូច្នេះយើងត្រូវចេះសិក្សាបកស្រាយ និងវិភាគពីគេវិញផងដែរ។

៥)សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវ មានក្រមសីលធម៌វីជ្ជាជីវៈ ពិសេស
សម្តេចតេជោបានសំណូមពរ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook សូមកុំឲ្យមានការជេរប្រមាថ ហែកកេរ្តិ៍ខ្មាស់គ្នា ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។ សូមឲ្យរក្សាតំលៃរបស់ខ្លួន ពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែលច្បាស់ពិត កុំស្មានៗ ហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។

៦) ត្រូវលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់ គឺកុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេ ឬមានលក្ខណៈជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។

៧) កុំផលិត និងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមិនបានផ្តល់ប្រយោជន៍ដល់សង្គម។ ម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដចេញមកបកស្រាយ ដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។

៨) ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ។ ជាពិសេស ត្រូវទំនាក់ទំនងជាមួយបណ្តាសមាគម ស្ថាបន័ជំនាញ សកលវិទ្យាល័យ ឬក្រសួងព័ត៌មានជាដើម ដើម្បីទទួលបាននូវការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត ដើម្បីបង្កើនគុណភាពការងារ និងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រនិងជំរុញឲ្យមានការរៀបចំយុទ្ឋនាការប្រកួតប្រជែង អំពី “ការផលិតព័ត៌មានពិត ហើយលឿន បើអាចធ្វើបានច្រើនភាសា គឺរិតតែល្អ”។ សម្តេចតេជោ ក៏បានគាំទ្រ និងជំរុញអោយមានប្រព័ន្ឋផ្សព្វផ្សាយអនឡាញ (online) អោយបានច្រើន ព្រោះសព្វថ្ងៃនេះអ្នកតាមដានព័ត៌មានតាមអនឡាននេះមានការកើនឡើង ។

នៅថ្ងៃនេះ សម្តេចតេជោ បានបញ្ជាក់ជូនអ្នកសារព័ត៌មានទាំងអស់ថា សម្តេចនឹងនៅបន្តដឹកនាំប្រទេសយ៉ាងហោចណាស់ដល់ឆ្នំា ២០២៨ ដែលនឹងអាចជួបបងប្អូនអ្នកសារព័ត៌មានបានចំនួន ៩ដងទៀត។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយអ្នកសារព័ត៌មានទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ឋពរ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ប្រភព Press OCM