គម្រោងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) បើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួនលើកទី១២

164

នៅរសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ គម្រោងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) បានរៀបចំកម្មវិធីប្រជុំសម្របសម្រួល​ប្រចាំខែលើកទី១២ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជានាយកគម្រោង (Rice-SDP) ថ្នាក់ខេត្ត ដែលមានការចូលរួមពីទីប្រឹក្សាគម្រោង មន្ត្រីក្រុង ស្រុកគោលដៅទំាង៥ ផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា នេះជាឱកាសល្អមួយ សម្រាប់ខេត្តកំពង់ធំ ក្នុងចំណោមខេត្តដទៃទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង Rice-SDP នេះឡើង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករ ក្នុងនោះក៏មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសងាយស្រួលក្នុងការផលិត និងរក្សាទុកកសិផល ឲ្យមានគុណភាពល្អសម្រាប់នាំចេញ មានទីផ្សារលក់ត្រឹមត្រូវ ទទួលបានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ។

ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ គឺអនុវត្តលើខេត្តគោលដៅចំនួន ៣ខេត្ត រួមមាន ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ក្នុងនោះខេត្តកំពង់ធំ អនុវត្តលើឃុំគោលដៅចំនួន ៣០ឃុំ ក្នុងក្រុងស្រុកចំនួន ៥ រួមមាន ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ៕