គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់៨៣គ្រួសារ មកពី៧ឃុំ ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលបានអំណោយកាកបាទក្រហមកម្ពុជា

59

រដ្ឋបាលខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៨៣គ្រួសារ មកពីឃុំក្រវ៉ា ឃុំបាក់ស្នា ឃុំគគីរធំ និងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ និងមកពីឃុំស្រឡៅ ឃុំអណ្ដូងពោធិ៍ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ឯកឧត្តមបានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមសោកស្តាយចំពោះបងប្អូនដែល ទទួល រងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្រ្តាក់នេះ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរព ច្បាប់ចរាចរ ចៀសឆ្ងាយពីគ្រឿងញាណ ព្រោះវាបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិបងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

គួរជម្រាបថា ការចែកជូនអំណោយកាកបាទក្រហមកម្ពុជានាព្រឹកនេះ ត្រូវបានរៀបចំធ្វើឡើង នៅពីរទីតាំងផ្សេងគ្នា គឺ នៅ សាលាបុណ្យភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ និងនៅវត្តអ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ៕