ឃុំចំនួន៣ នៅស្រុកស្ទោង ទទួលអំណោយកាកបាទក្រហម ចំនួន ៤០៧គ្រួសារ

213

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ អញ្ជើញចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងរងគ្រោះដោយធម្មជាតិ ចំនួន ៤០៧គ្រួសារ នៅឃុំសំព្រោច ឃុំទ្រា និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ណែត សារី ប្រធានអនុសាខាកាកបាទក្រហមស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក បានធ្វើឲ្យលិចផ្ទះសំបែង និងខូចខាតផ្លូវថ្នល់ ព្រមទំាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងផ្សេងទៀត។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រពី សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ចាស់ជរា និងជនងាយរងគ្រោះដោយធម្មជាតិ។ ឯកឧត្តមន្ថែមថា «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

ឯកឧត្តមបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ ដើម្បីបញ្ជៀសជម្ងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។

លោកជំទាវ ពុំ ចន្ទីនី បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ អ្វីឡើយ។ ម្យ៉ាងវិញទៀត នារីដែលស្ថិតក្នុងវ័យបន្តពូជ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានបួនដងមុនសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យថាខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាមដើម្បីទទួលយកថ្នាំ ពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន និងយកកូនទៅទទួលវ៉ាក់សំាងការពារជម្ងឺ៨មុខ។ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ អំណោយដែលត្រូវទទួលក្នុងមួយគ្រួសារមាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងឃីដ ១កញ្ចប់ ។

ក្នុងពិធីចែកអំណោយនោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស ជាពិសេសបានចុះផ្ទាល់ដល់កន្លែង និងឃើញជាក់ស្តែងនូវជីវភាពរបស់ពួកគាត់៕