ដីសង្គមកិច្ចជិត ២ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដើម្បីអភិវឌ្ឍន៍តំបន់នោះ ឲ្យមានភាពរីកចម្រើនលឿន

131

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តក្របៅ ស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និងធ្វើការបង្ហាញអំពីសារៈប្រយោជន៍នៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន២ (LASED II ) ដែលកំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០១៨-២០២១) លើផ្ទៃដីសរុប ១,៩៩២.៧៩ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៧០០គ្រួសារ ទៅតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តកំពង់ធំ បានអនុវត្តគម្រោង LASED ដំណាក់កាលទី១ ទទួលបានជោគជ័យ នៅឃុំទីពោ ស្រុកសន្ទុករួចមកហើយ នឹងបន្តអនុវត្តគម្រោង LASES II នៅឃុំដូង នេះបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់នោះ ឲ្យក្លាយជាតំបន់ថ្មីមួយដែលមានភាពរីកចម្រើនឆាប់រហ័ស។ ហើយគម្រោងនេះ គឺសម្រាប់បែងចែកដីជូនប្រជាពលរដ្ឋដែលខ្វះដី និងមានដីតិចតួច ក្នុងការបង្កបង្កើនផលកសិកម្មជាលក្ខណៈគ្រួសារ ព្រមទំាងមានរៀបចំដីកសិកម្ម និងដីលំនៅដ្ឋាន ផ្តល់នូវគ្រាប់ពូជដំណាំ និងកូនស្វាយចន្ទី ផ្តល់នូវសម្ភារៈសាងសង់ជម្រក សម្ភារៈចាប់ផ្តើមជម្រកស្នាក់នៅដំបូង សម្ភារៈកសិកម្ម និងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការសាងសង់អគារសហគមន៍ សាងសង់សាលារៀន ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នង សាងសង់អគារប៉ុស្តិ៍សុខភាព ១ខ្នង សាងសង់អណ្តូងស្នប់ ៣៥អណ្តូង រៀបចំបោះបង្គោលព្រំដី ជាដើម។ ឯកឧត្តមបន្ថែមទៀតថា លក្ខខណ្ឌចំពោះអ្នកដែលទទួលបានដីសម្បទានសង្គមកិច្ចនេះ នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ លុះត្រាតែបងប្អូនប្រជាពលរដ្ឋទំាងនោះ ចូលទៅរស់នៅ និងអាស្រ័យផលលើដីនោះ មានរយៈពេល៥ឆ្នាំឡើង។

ចុងក្រោយ ឯកឧត្តម សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទំាងអស់ មិនឲ្យលក់ដូដីនេះទេ ព្រោះវាជាអាយុជីវិតរបស់បងប្អូន និងអំពាវនាវដល់បងប្អូន ពូ មាមីង ទាំងអស់់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលបងប្អូនពេញចិត្ត និងអាចរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការីកចម្រើន ជានិរន្តបន្តទៀត៕