ដំណើរការបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារអាណត្តិទី២ លើកទីមួយ ចាប់ផ្ដើមហើយ!

112

រដ្ឋបាលខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ ព្រះវិហារ អញ្ជើញអមដំណើរ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី ខេត្ត ចុះត្រួតពិនិត្យការិយាល័យបោះឆ្នោត និងប្រកាសបើកដំណើរការបោះឆ្នោតជ្រើសរើស​សមាជិកជ្រើស​តាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ នៅការិយាល័យទី១ និងការិយាល័យទី២ ក្នុងសាលប្រជុំសាលា ខេត្តកំពង់ធំ។

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ព្រះវិហារ អាណត្តិទី២ លើកទីមួយនេះ មានអ្នកបោះឆ្នោតដែលជា ពាណិជ្ជករ ឧស្សាហករ សិប្បករ អ្នកផ្ដល់សេវាកម្ម និងអាជីវកម្ម កសិកម្ម ដែលទទួលបានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងៗឲ្យប្រកបរបរធុរៈកិច្ច នៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចំនួន២៨៣នាក់ ដើម្បីជ្រើសរើសសមាជិកសភាពាណិជ្ជកម្ម​មណ្ឌលខេត្តកំពង់ធំ ព្រះវិហារ អាណត្តិទី២ នេះចំនួន៨នាក់ ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៩រូប រីឯលទ្ធផលនៃ​ការបោះឆ្នោត​នឹងបានដឹងនៅរសៀលម៉ោង៤:០០ល្ងាចនេះ៕