ថ្ងៃនេះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកំពង់ធំ អញ្ជើញប្រកាសតែងតំាង​ឲ្យចូលកាន់តំណែងអភិបាលស្រុកស្ទោងថ្មី

324

លោក ណែត សារី អតីតអភិបាលរងស្រុកប្រាសាទសំបូរ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតំាងឲ្យចូលកាន់តំណែងផ្លូវការ ជាអភិបាលស្រុកស្ទោង ខេត្តកំពង់ធំ ជំនួសលោក ព្រឹម រដ្ឋា ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្រ្តី និងប្រជាពលរដ្ឋប្រមាណជិត ៥០០នាក់។

ក្រោយពីប្រគល់អនុក្រឹត្យប្រកាសតែងតំាង និងត្រារបស់រដ្ឋបាលស្រុកស្ទោងរួចមក ឯកឧត្តម សុខ លូ បានសំដែងនូវការសារទរ ចំពោះការប្រកាសឲ្យចូលកាន់តំណែងអភិបាលនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា ការផ្លាស់ប្តូរ តួនាទីភារកិច្ចរបស់មន្ត្រីរាជការ ជារឿងធម្មតាទេ មិនអាចនរណាម្នាក់នៅធ្វើការតែមួយកន្លែងបានទេ ហើយឯកឧត្តមសំណូមពរ ឲ្យលោកអភិបាលស្រុកថ្មី ត្រូវដឹកនាំការងាររួមជាមួយមន្ត្រីក្រោមឱវាទ ខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវសហការការងារជាមួយស្ថាប័ន ឬអង្គភាពនានាឲ្យបានល្អប្រសើរ ជាពិសេស ត្រូវខិតខំបម្រើសេវាសាធារណៈ ទំាងសេវាតម្រូវការ និងសេវាសំណូមពរ ត្រូវចុះដល់មូលដ្ឋាន ដើម្បីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ត្រូវរៀបចំទីប្រជុំជនក្នុងស្រុកឲ្យមានសោភ័ណ្ឌភាពល្អ មានអនាម័យ រៀបចំកន្លែងបេនឡាន ឲ្យមានរបៀបរៀបរយល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ម្យ៉ាងវិញទៀត ត្រូវបង្កើនការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជាការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញនានា ត្រូវបង្ក្រាបករណីនេះឲ្យខានតែបាន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ឲ្យសមជាមន្រ្តីអនុវត្តច្បាប់ ដើម្បីឆ្លើយតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេស កងកម្លំាងទំាងបីប្រភេទ ត្រូវគោរព នូវបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តម ឈុន ឈន់ បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុក ត្រូវខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញ ដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង និងមានការទំនាក់ទំនងល្អ ជាមួយមន្ទីរអង្គភាព ក៏ដូចជានៅតាមរដ្ឋបាលឃុំផងដែរ។

លោក ណែត សារី ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តដោយប្រកាន់ភ្ជាប់ នូវលក្ខណៈបួនយ៉ាងគឺ វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ គោរព និងអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ខិតខំបម្រើប្រជាពលរដ្ឋ ធ្វើឲ្យប្រសើរឡើងនូវមុខរបរផលិតភាព កសិកម្ម មានចំណេះដឹង មានសុខភាពល្អ ផ្តល់សេវាសុខភាពដោយសមធម៌ ធានាការគ្រប់គ្រងការប្រើប្រាស់ដីធ្លី បរិស្ថានធនធានធម្មជាតិ ដោយនិរន្តភាព ពង្រឹងការគ្រប់គ្រងរដ្ឋបាល ច្បាប់ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕