ថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច តាមដងស្ទឹងសែន ដោយមានអ្នកចូលរួមទស្សនារាប់ពាន់នាក់

33

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបើកការប្រណាំងទូកនៅខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីស្វែងរកទូកដែលមានល្បឿនលឿនឈានទៅធ្វើការ​ប្រណាំងនៅ​ថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី ១០ដល់ថ្ងៃ១២ ខែវិច្ឆិការ ឆ្នាំ២០១៩ ខាងមុខនេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឃឹង នុភាព តំណាងរាស្រ្តមណ្ឌលកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមបន្តថា ក្នុងរយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំការប្រណាំទូកនៅពេលថ្ងៃ និងពេលរាត្រី មានកម្មវិធីប្រគំតន្រ្តី បណ្តែតប្រទីប បាញ់កាំជ្រូច ព្រមទាំងរៀបចំកម្មវិធីតាំងពិព័ណ៌ផងដែរ។ ដើម្បីឲ្យកម្មវិធីនេះ កាន់តែមានភាពរលូនអាចរក្សាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលមកទស្សនា ឯកឧត្តម បានរៀបចំកងកម្លាំងក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលទិសដៅចរាចរណ៍ ជាពិសេសបានការរៀបចំតាំងល្អ ភ្លើងព័ណ៍ចម្រុះនៅលើស្ពាន តាមទីធ្លាកំសាន្ត បន្ថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមបន្ថែមទៀតថា សម្រាប់ទឹកស្ទឹងសែនឆ្នាំនេះ គឺមានការស្រកលឿនជាងឆ្នាំមុន ប៉ុន្តែយើង​ទាំងអស់គ្នា​នៅ​តែខិតខំពុះពារ រៀបចំពិធីប្រណាំងទូកបាន ប្រកទៅដោយភាពរលូន អធិកអធម និងមានបងប្អូនប្រជាពលរដ្​ឋចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់បងប្អូនកីឡាករអុំទូកទាំងអស់ ត្រូវចាត់ទុកថា ពិធីបុណ្យប្រណាំង​ទូកនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិដ៏ល្អរបស់យើង​ឲ្យគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ និងសូមសំណូមពរដល់កីឡាករ កីឡាការិនីចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធី​ប្រណាំង​ទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ ថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសម្ដែងនូវ​ការថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំពិធីនេះឡើងប្រកបទៅដោយភាពរលូន និងសប្បាយរីករាយ។

សូមបញ្ជាក់ថា ឆ្នាំនេះមានទូកចូលរួមប្រឡងប្រណាំងសរុបចំនួន ៤៣ទូក ចំណុះអុំ ១០០១នាក់ កម្លាំងបំរ៉ុង ២២២នាក់ ក្នុងនោះទូកខ្នាតវែង មានចំនួន ៦ទូក ទូកខ្នាតអន្តរជាតិ ចំនួន ១២ទូក និងទូកផ្កាចារ្យ ចំនួន ២៥ទូក ហើយនៅពេលរាត្រីក៏មានកម្មវិធីប្រគុំតន្ត្រី បណ្តែតប្រទីប បាញ់កាំជ្រួច ព្រមទាំងការតំាងពិព័ណ៌ផងដែរ។

សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម ១ម៉ែត្រក៏ដោយ៕