ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងអភិបាល អភិបាលរងស្រុកប្រាសាទបល្ល័ង្ក

472

រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានរៀបចំពិធីប្រកាសតែងតំាងលោក វណ្ណៈ សោភានិត ជាអភិបាលស្រុក និងលោក យ៉ុម ហឿន ជាអភិបាលរងស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម សុខ លូ បានផ្តល់នូវអនុសាសន៍ដល់លោកអភិបាល អភិបាលរងស្រុកដែលទើបតែងតាំងថ្មី និងអភិបាលក្រុងស្រុកទំាងអស់ ត្រូវរួមសហការគ្នា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

ឯកឧត្តមបន្ថែមទៀតថា ត្រូវអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវមានរបបប្រជុំការងារច្បាស់លាស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ដែលផ្តល់ភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត ត្រូវប្រែក្លាយខ្លួន ពីអ្នកដឹកនាំ ពីអ្នកអ្នកគ្រប់គ្រង ទៅជាអ្នកបម្រើសេវា និងរិះរកបង្កើតគំនិតផ្តួចផ្តើមអ្វីដែលថ្មី ដើម្បីរួមគ្នាដោះស្រាយឲ្យខានតែបាននូវបញ្ហាប្រឈមសំខាន់ៗ ឲ្យកាន់តែប្រសើរឡើង។

លោក វណ្ណៈ សោភានិត ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា គោរពច្បាប់រដ្ឋធម្មនុញ្ញ និងអនុវត្តតាមតួនាទីភារកិច្ច ការងារចាត់តំាង និងណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង បន្តនិរន្តភាពការងារក្នុងរដ្ឋបាលស្រុក ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕