ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកក្រមប្រឹក្សាគណបក្សសង្រ្គោះជាតិ ដែលកំពុងមានជំងឺនៅផ្ទះ ដោយមិនប្រកាន់និន្នាការនយោបាយ

193

លោក ព្រឹម រដ្ឋា នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត ចុះសាកសួរសុខទុក្ខលោកតា សុក នី អាយុ ៦០ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា គណបក្សសង្គ្រោះជាតិ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

ក្នុងឱកាសនោះដែរ លោក ព្រឹម រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក ព្រឹម រដ្ឋា បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់លោកតាបានមួយចំណែកផងដែរ ដូច្នេះសូមលោកតាខិតខំព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។

ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ថ្ងៃនេះ គឺក្រោមការដឹកនាំរបស់  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេច នៅជាមួយបងប្អូនជានិច្ច ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។ បន្ទាប់ពីសំណេះសំណាលរួចមក លោក ព្រឹម រដ្ឋា ក៏បានប្រគល់អំណោយនូវ អង្ករ ៥០គីឡូក្រាម មី ៣កេះ ទឹកក្រូច ២កេះ និងថវិកា ៥០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់លោកស្រី គៀន កងនីន ជាជំនួយការភូមិបល្ល័ង្កកើត ដើម្បីដោះស្រាយលើមធ្យោបាយក្នុងការធ្វើដំណើរប្រចាំថ្ងៃផងដែរ។

ក្នុងពិធីចែកអំណោយនោះដែរ លោកតាមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ទោះបីឯកឧត្តមរវល់ការងារយ៉ាងណា ក៏ចាត់ឲ្យតំណាងមកចុះផ្ទាល់ដល់កន្លែងដែរ៕