ថ្នាក់ដឹកនាំខេត្តកំពង់ធំ សូមថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

141

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ឯកឧត្តម សុខ លូ អានលិខិតថ្វាយព្រះពរ បន្ទាប់មកថ្នាក់ដឹកនាំខេត្តកំពង់ធំទាំងអស់ សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព តរៀងទៅ៕