ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រី ០៤នាក់ មកពី ៣មន្ទីរ-អង្គភាពក្នុងខេត្ត

113

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំនួន ៤នាក់ ដែលមកពី ៣មន្ទីរ-អង្គភាព ក្នុងនោះមាន មន្ទីរកិច្ចការនារីខេត្ត ២នាក់ មន្ទីរពាណិជ្ជកម្មខេត្ត ១នាក់ និងមន្ទីរទេសចរណ៍ ១នាក់ ។

បន្ទាប់ពីលោក សួគ៌ ច័ន្ទតារា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ធំ បានអានដីកាតែងតាំងមន្ត្រីរាជការរួចមក លោកស្រី សៀង លី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត ដែលទើបទទួលមុខតំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា ខិតខំអនុវត្ត និងបំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ឲ្យ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ គោរពពេលវេលា និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបន្តនិរន្តភាពការងារក្នុងអង្គភាព ដោយពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ។

ឯកឧត្តម សុខ លូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចជាមន្ត្រីរាជការឲ្យបានល្អប្រសើរ ដើម្បីធ្វើការតែងតាំងមន្ត្រីប្រកបដោយសមត្ថភាព មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ ហើយត្រូវយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ដល់អង្គភាពរបស់ខ្លួន ជាពិសេស ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លំាងក្លា ដើម្បីបន្តបេសកកម្មដឹកនាំអនុវត្តការងារ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត និងប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចែករំលែកចំណេះដឹងដល់ថ្នាក់ក្រោម ធ្វើយ៉ាងណាឲ្យអង្គភាពមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ឈុន ឈន់ ក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ជាពិសេសមន្ត្រីដែលទើបទទួលមុខតំណែងថ្មីនេះ ត្រូវរៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ ខិតខំបម្រើសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសការផ្ដល់នូវសេវាតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ ប្រកបដោយតម្លាភាព ម្យ៉ាងវិញទៀត រួមគ្នាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខដុមរម្យនា និងបានប្រគល់នូវដីការតែងតំាងជូនដល់មន្ត្រីដែលទើបចូលកាន់មុខតំណែងថ្មីផងដែរ៕