ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយ សម្តេចក្រឡាហោម ស ខេង ចំពោះមរណភាពរបស់ ឯកឧត្តម ស ថេង ដែលត្រូវជាប្អូនបង្កើត

153

នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ តំណាងឲ្យប្រជាពលរដ្ឋខេត្តកំពង់ធំទាំងមូល ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំពោះមរណភាព ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេច និងជាស្វាមីរបស់ លោកជំទាវ នុត យឹង ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ឯកឧត្តម ស ថេង គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរិយជនមួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ និងអភិវឌ្ឍន៍សង្គម មាតុភូមិកម្ពុជា។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម សុខ លូ និងប្រតិភូអមដំណើរទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ស ថេង បានសោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ។

សពរបស់ឯកឧត្តម ស ថេង ត្រូវបានតម្កល់ទុកនៅគេហដ្ឋានសពលេខ១០០ មហាវិធីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងត្រូវដង្ហែរទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី ដើម្បីប្រារព្ធពិធីបូជាតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅថ្ងៃទីព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧:០០នាទីព្រឹក៕