ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សប្រឡងជាប់និទ្ទេស A ១១នាក់

79

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ ដល់សិស្សជ័យលាភី ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន ១១នាក់ មកពី ០៦វិទ្យាល័យ ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានធ្វើការកោតសរសើរ ក្មួយៗ សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាព របស់ខ្លួន ការទទួលបានលទ្ធផលជោគជ័យនេះ កើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យ ជាពិសេសកំណែទម្រង់ប្រព័ន្ធអប់រំថ្មី របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង្ស ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឲ្យប្រព័ន្ធអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

ឯកឧត្តម មានប្រសាសន៍ណែនាំទៅកាន់យុវសិស្សជ័យលាភីថា “សូមក្មួយៗ បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់ទុននៅកម្ពុជា ដូចនេះកម្ពុជា ត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ដល់យុវសិស្សជំនាន់ក្រោយត្រូវស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដ នៃប្រទេសជាតិ។

ជាចុងក្រោយឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយគាំទ្រជាសម្ភារៈ ថវិកា និងស្មារតី ដល់សិស្សជាប់និទ្ទេស A ក្នុងនោះមានឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, ឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិត ងួន ញ៉ិល, ឯកឧត្តម ឬទ្ធី រស្មី ទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល, ឯកឧត្តម យៀប ហេង ទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល