ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងចុះសាកសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្ត

89

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍សាលាខេត្តកំពង់ធំ ប្រមាណជិត ២០០នាក់។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច របស់ខ្លួនដែលបានកំណត់ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រ សិក្សាស្វែងយល់ ក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង។ ជាពិសេសមន្ត្រីវ័យក្មេង ដែលជាមន្ត្រីត្រូវបន្តវេណពីមន្ត្រីចាស់ៗដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យកើនឡើងទ្វេរដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ និងឯកឧត្តម ឈុន ឈន់ ព្រមទាំងសហការី បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនាំយកអំណោយមួយចំនួនជូនពួកគាត់ផងដែរ។ បន្ថែមពីលើនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីព្យាបាលអ្នកជំងឺ ទោះក្នុងកម្រិតណាក៏ដោយ និងផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូពេទ្យ សូមមេត្តាកុំប្រើពាក្យគំរោះគំរើយ ឬពាក្យសំដីមិនសមរម្យ ដល់អ្នកជំងឺ ឬគ្រួសារអ្នកជំងឺ ដែលនាំឲ្យពួកគាត់មានការមិនសប្បាយចិត្ត ការប្រើប្រាស់ទង្វើល្អ កាយវិការល្អ ពាក្យសំដីល្អៗ របស់លោកគ្រូ-អ្នកគ្រូ ជាឱសថយ៉ាងពូកែ ផ្នែកផ្លូវចិត្តមួយផងដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម បានបន្តដំណើរបន្តទៀត ចុះសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារ ដោយមានមតិផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកសាងជីវិតរបស់ខ្លួន ប្រកបដោយសមត្ថភាព ចំណេះដឹង អភិវឌ្ឍខ្លួនឲ្យបានថ្លែថ្នូរ រុងរឿង ល្អប្រសើរ ព្រោះចំណេះវិជ្ជា គឺជាធនធានរបស់ខ្លួនយើង ដើម្បីស្វែងរកការងារធ្វើ ទទួលបានជោគជ័យក្នុងជីវិត។

ឯកឧត្តម បានថ្លែងអំណរគុណដល់ម៉ែដោះ ដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួន ជាពិសេស ក្មួយៗមិនឯកោទេ ដោយមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរផងដែរ៕