ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ នៅវិមានឯករាជ្យ

12

រដ្ឋបាលខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) នៅវិមានឯករាជ្យ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងទិវានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា ថ្ងៃនេះជាទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើត កងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រ និងជាប្រពៃណីដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់​នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗ​គ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

ឯកឧត្តមបន្តទៀតថា ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមនេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេស កងយោធពលខេមរភូមិន្ទ បន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ប្រឆាំងដាច់ខាត ក្រុមដែលចង់បង្ក អស្ថេរភាពសង្គម មានបំណងប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ គាំទ្រប្តូរផ្តាច់ពេញទំហឹង និងឥតងាករេចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល គោរពវិន័យម៉ឹងម៉ាត់ និងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទាន់សភាពការណ៍ និងមានភាពបត់បែនគ្រប់កាលៈទេសៈ។ ការពារ ដាច់ខាតរដ្ឋធម្មនុញ្ញ និងថែរក្សារាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យ បានរីកចម្រើនរុងរឿងបន្តទៀត។

សូមរំលឹកថា នៅពេលរាត្រី មានហូបអំបុកសាមគ្គី ប្រគុំតន្ត្រី និងបាញ់កាំជ្រួចជូនបងប្អូនទស្សនាកំសាន្ត សប្បាយនៅទីតាំង វិមានឯករាជ្យ៕