ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងមន្ត្រីរាជការដាំកូនឈើនៅសួនស្ទឹងសែន ក្រុងស្ទឹងសែន

49

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ នាំយកកូនឈើប្រភេទធ្នង់ ចំនួន ៨៣ដើម ទៅដាំនៅសួនស្ទឹងសែន អមតាមដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំ​រៀបចំកម្មវិធីនេះ​ប្រព្រឹត្តទៅបានល្អ ហើយការដាំដើមឈើសួនស្ទឹងសែននេះ បានមកពីការចូលរួម​ចំណែកថវិកាផ្ទាល់ខ្លួនពី​ក្រុមការងារ​ទាំងអស់ ដើម្បីលើកសម្រស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យមានពណ៌បៃតងស្រស់បំព្រង និងមានបរិស្ថានល្អ។ ម្យ៉ាងវិញទៀត សួនស្ទឹងសែននេះ ជាកន្លែងកំសាន្តសម្រាប់លំហែកាយ ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេស បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសំណូមដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមដាំដើមឈើ ថែរក្សាដើមឈើ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងយើងមានទេសភាពបៃតងស្រស់បំព្រង។ លោកបន្តថា ដើមឈើមាន​សារសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបាន​គ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់​ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

ចុងបញ្ចប់ ឯកឧត្តម បានអំពាវនាវ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសវៀងឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានមិត្តភក្កិ ឬ បងប្អូនណាមួយដែលមានបំណងចង់អោយយើងប្រើប្រាស់គ្រឿងញៀន សូមកុំប្រើវាឱ្យសោះ ត្រូវរាយការណ៍ជូនលោកគ្រូ អ្នកគ្រូ ឬក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីយកគាត់ទៅមណ្ឌលបន្សាបគ្រឿងញៀន ម្យ៉ាវិញទៀត ត្រូវជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ ទំពាំងស្នងឬស្សី ដល់សង្គមជាតិ៕