ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយគណៈកម្មការទី ៨ នៃរដ្ឋសភា

14

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំរវាង​គណៈកម្មការទី៨ នៃរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ជាមួយនឹងរដ្ឋបាលខេត្តកំពង់ធំ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងប្រតិភូអមដំណើរជាច្រើនរូប ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់​អំពីប្រសិទ្ធភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់មន្ទីរពាក់ព័ន្ធ ដែលគណៈកម្មការទទួលបន្ទុក ជាពិសេស​ស្វែងយល់អំពីប្រសិទ្ធភាពការងារ ក្រោយពីការធ្វើប្រតិភូកម្មអំណាចនៃការគ្រប់គ្រងរដ្ឋបាលពី​ថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានអំពាវនាវឲ្យអ្នកវិនិយោគិនទាំងអស់ មកងាកមកមើលខេត្តកំពង់ធំ ដែលជាកន្លែងសក្តិសមបំផុតសម្រាប់ធ្វើការចែកចាយទំនិញ ពីព្រោះជាខេត្តមួយ​ស្ថិតនៅចំកណ្ដាល​នៃប្រទេស​កម្ពុជា ហើយក៏ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលទៅ​លើវិស័យ​កសិកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវជាដើម ។

ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែខេត្តកំពង់ធំ មានសក្តានុពលផ្នែកវិស័យកសិកម្មពិតមែន នៅមានការខ្វះខាត​ទៅលើផ្នែកឧស្សាហកម្ម ការបង្កើតរោងចក្រកែច្នៃទៅលើសមិទ្ធផលសម្រេចដែលបានមកពីទិន្នផលកសិកម្ម​មិនទាន់មានរោងចក្រវេចខ្ចប់។

ជាមួយគ្នានោះដែរ បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរដែលទទួលបន្ទុកលើវិស័យទាំង ៤ បានលើកឡើងអំពី​បញ្ហាប្រឈម​និងសំណូមពររួចមក លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានផ្ដល់នូវអនុសាសន៍មួយចំនួន ព្រមទាំងវាយ​តំលៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងធ្វើការងាររបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំកន្លងមក ដែលទទួល​បាន​លិទ្ធផលល្អប្រសើរ ជាពិសេសអនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់​នូវការរីករាល​ដាល​នូវជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ដោយមិនមានការឆ្លងនៅក្នុងសហគមន៍នោះទេ។