ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ

92

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីនោះដែរ មានប្រសាសន៍លើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ ដែលមានរយៈពេល១៥ថៃ្ង ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ឯកឧត្តម បន្ថែមទៀតថា យើងអាចប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀតបាន ដោយសារ តែកក្តាសន្តិភាព ដូច្នេះសូមយើងទាំងអស់គ្នាថែរក្សាសន្តិភាពនេះឲ្យបាន ស្របតាមគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀតថ្មីៗនេះ សម្តេច តេជោ បានចូលរួមប្រជុំនៅអង្កការសហប្រជាជាតិ គឺទទួលបានជោគជ័យសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ដែលមានប្រទេសជាច្រើន នៃអន្តរជាតិបានទទួលស្គាល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាពិសេសបងប្អូនខ្មែរអាមេរិក ខ្មែរកាណាដា បានមកទទួលស្វាគមន៍ សម្តេចតេជោ យ៉ាងច្រើនកុះករ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំបុណ្យកឋិនទានសាមគ្គីមួយ ដង្ហែរមកកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ ក្នុងការសាងសង់ព្រះវិហារ ឲ្យបានឆាប់រហ័ស៕