ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ គម្រប់៨៣ យាងចូល ៨៤ព្រះវស្សា

82

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៣ យាងចូល ៨៤ព្រះវស្សា ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងនិមន្តព្រះសង្ឃចំនួន ៩អង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទីប្រឹក្សាយុវជន ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត គរុសិស្ស សរុបចំនួនប្រមាណជាង ៣០០នាក់ ។

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាដ៏ឧត្តុងឧត្តមនេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានសារថ្វាយព្រះពរ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្រ្តី បុគ្គលិក អ្នកស័្មគ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា​នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកដៃប្រណុំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆត្រ និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តមុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គតរៀងទៅ៕