ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ នាំ​កូនឈើ​ប្រណិត​ជាង ៥ពាន់​ដើម ទៅ​ដាំ​លើដី ២ហិកតា នៅ​ស្រុក​ប្រាសាទបល្ល័ង្គ ក្នុងពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា

236

នៅ​ព្រឹក​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​ថ្មើរជើង​លេខ១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ថិតនៅ​ភូមិ​ត្រ​ឡែក ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កង​កំលាំង​ប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង៦០០នាក់។

លោក ធី វណ្ណ​ធី​រ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា កូនឈើ​ប្រភេទ ឈើ​គ្រញូង បេង ធ្នង់ និង​អាកាស្យា សរុប​ចំនួន ៥១០០ដើម ត្រូវបាន​ដាក់ដាំ​លើ​ផ្ទៃដី​ទំហំ ២ហិកតា ដើម្បី​រួមចំណែក​បង្កើន​គម្រប​ព្រៃឈើ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​នៅក្នុង​ខេត្ត​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង និង​បណ្ដុះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់ៗរូប ឲ្យ​ស្រឡាញ់​ព្រៃឈើ និង​ការដាំដុះ។

នៅក្នុង​ឱកាស​នោះ​ឯកឧត្តម សុខ លូ បាន​ថ្លែងថា បុណ្យ​រុក្ខទិវា​នេះ គឺជា​ការ​ដង្ហែ​រ​តាម​ព្រះរាជតម្រិះ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់ ដល់​បញ្ហា​ព្រៃឈើ និង​ការដាំ​ដើមឈើ ជាអាទិភាព​ចំបង ហើយ​ប្រពៃណី​បុណ្យ​រុក្ខទិវា មាន​អត្ថន័យ​សម្រាប់​ចលនា​បំផុសស្មារតី​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំដុះ និង​ការពារ​ព្រៃឈើ ក៏ដូចជា​ជួយ​ជម្រុញ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ក្នុង​ជីវភាពរស់នៅ ការបង្កបង្កើន​ផល​កសិកម្ម និង​បង្កើន​សុខមាលភាព​គ្រួសារ ព្រមទាំង​ជួយ​លើកស្ទួយ​បរិស្ថាន​សង្គម​ទៀតផង ។

ឯកឧត្តម​បន្ថែមទៀតថា «ការ​ប្រារព្ធ​ពិធី​រុក្ខទិវា គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ នូវ​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម របស់​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ដើម្បី​គ្រប់គ្រង អភិរក្ស​ធនធាន​ព្រៃឈើ ធនធានធម្មជាតិ​ជីវចម្រុះ ដើម្បី​ជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ កាត់បន្ថយ​គ្រោះធម្មជាតិ​នានា និង​ការ​ស្រូបយក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស» ។

ទន្ទឹម​នោះដែរ ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ពលរដ្ឋ​ទាំងអស់ ត្រូវ​ចាប់ផ្ដើម​ដោយ​មិន​បង្អែរបង្អង់​នូវ​ផែនការ​សា្ដរ​ព្រៃឈើ និង​ដាំ​ឈើ​ឡើងវិញ ដើម្បី​រក្សាបាន​នូវ​លំនឹង​បរិស្ថាន ធម្មជាតិ និង​ភោគ​សម្បត្ដិ​ឲ្យ​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង សម្រាប់​សង្គមជាតិ​ទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រើ​វិធានការណ៍​ក្តៅ​ដោយ​មិន​បណ្តែតបណ្តោយ ត្រូវ​រក​ឲ្យ​ឃើញ​នូវ​មុខសញ្ញា​ឈ្មួញ​ធំៗ ចាប់យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ហើយ​អនុវត្តន៍​ដោយ​យកចិត្តទុកដាក់ ឲ្យ​ស្មើភាព​គ្នា កុំ​ចាប់​តែ​ប្រជាពលរដ្ឋ​តូចតាច​តែបើ​ជា​អ្នកដឹកឈើ​ធំៗខុសច្បាប់ ធ្វើមិនដឹង​មិន​លឺ ត្រូវតែ​សហការ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងការ​ទប់ស្កាត់​កាប់បំផ្លាញ​ព្រៃឈើ ។

ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ឡើងវិញ ឲ្យ​បាន​ម៉ត់ចត់​ជាទីបំផុត គ្រប់​សហគមន៍​ព្រៃឈើ ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន បានលើកឡើង​ថា អ្នកការពារ​ព្រៃឈើ សហគមន៍​ខ្លួនឯង​ជា​អ្នក​កាប់​ឈើ ហើយ​យក​ដី​ទៅ​លក់​ទៀត នេះ​ជាប​ញ្ហា​គ្រោះថ្នាក់​បំផុត សូម​ស្រង់​ឈ្មោះ​សហគមន៍ កុំ​ឲ្យ​មានឈ្មោះ​លើ​ក្រដាស​បាត់បង់​ព្រៃ បាត់បង់​ដី និង​សំណូមពរ​ដល់ មន្ទីរ​អង្គភាព​ទាំងអស់​ចូលរួម ដាំ​ដើមឈើ​តាម​អង្គភាព ទីសាធារណៈ តាម​ដងផ្លូវ ហើយ​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ ចេះ​សម្អាត​បរិស្ថាន កុំ​អង្គុយតែ​ក្នុង​ម៉ាស៊ីនត្រជាក់​ឲ្យ​សោះ។

ចុងក្រោយ​ឯកឧត្តម អភិបាលខេត្ត បានធ្វើការ​ប្តេជ្ញា​ចូលរួម​ថែរក្សា​ការពារ និង​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​កាប់បំផ្លាញ​ព្រៃឈើ។ ក្នុង​កម្មវិធី​នេះ​មានការ​ចែកជូន​នូវ​សម្ភារ​ដល់​សិស្ស ដែល​បាន​ចូលរួម​ចំនួន ៥៣នាក់ ដោយ​ក្នុង​ម្នាក់ៗទទួលបាន​សៀវភៅ ប៊ិច និង ថវិកា ៥០០០រៀល ផងដែរ ៕