ទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តក្តីអណ្តែត ក្រុងស្ទឹងសែន

123

ប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធ ទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តក្តីអណ្តែត ក្រុងស្ទឹងសែន

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានរំលឹកនៅការឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ធ្លាក់ថយក្រោយរាប់ពាន់ឆ្នាំ គ្មានផ្សារ គ្មានប្រាក់កាស គ្មានកម្មសិទ្ធិឯកជន គ្មានសាសនា គ្មានទំនៀមទម្លាប់ប្រពៃណី បាត់អស់វប្បធម៌ជាតិ សង្គមជាតិត្រូវប្រេះស្រាំ បាត់ឯកភាពជាតិ ប្រជាជនបាត់អស់សិទ្ធិ សេរីភាព រស់ជាទាសកររបស់អង្គការ «ក្នុងគុកឥតជញ្ជាំង» ត្រូវគេសម្លាប់ទាំងពូជ ទាំងគ្រួសារ ដោយចោទថាជាភ្នាក់ងារចារកម្ម ខ្លះឈឺស្លាប់ ខ្លះស្លាប់ដោយគ្មានអាហារ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធី ២០ ឧសភា ទិវាជាតិនៃការចងចាំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅវត្តក្តីអណ្តែត ស្ថិតនៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកចូលរួម ប្រមាណជិត ៨០០នាក់ ផងដែរ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជារំលឹកអោយ យុវជន ប្រជាជន បានដឹងពីវីរភាពអ្នកស្នេហាជាតិរបស់យើង និងបានលើកយកនូវគោលការណ៍ ៨ ចំណុច របស់ ប៉ុល ពត ដែលបាន បែងចែកប្រជាជនជា ២ ប្រភេទ គឺប្រជាជនចាស់ និងប្រជាជនថ្មី លុបបំបាត់ សេដ្ឋកិច្ចទីផ្សារ លុបបំបាត់ការចាយប្រាក់ បិទសាលារៀន មន្ទីរពេទ្យ វត្តអារាម (ផ្សឹកព្រះសង្ឃ ឲ្យទៅធ្វើ ពលកម្ម)លុបបំបាត់កម្មសិទ្ធិឯកជន បង្កើតសហករណ៍ទូទាំងប្រទេស បង្កើតផ្ទះបាយសមូហភាព (ហូបរួម ធ្វើការរួម) -ទាំងចាស់ ទាំងក្មេង ត្រូវធ្វើពលកម្មតាមទិសរបស់អង្គការ បណ្តេញជនជាតិវៀតណាមឲ្យអស់ ពីកម្ពុជា បោសសម្អាតភ្នាក់ងារចារកម្ម និងអ្នកពាក់ព័ន្ធ «សុខចិត្តសម្លាប់ខុស (កុំឲ្យតែលែង) ដោះលែង (ច្រឡំ)» និង បង្កសង្គ្រាមជាមួយវៀតណាម។

ឯកឧត្តមបញ្ជាក់ថា រយៈពេលជិត ៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីជ័យជម្នះ ៧ មករា ធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង ប្រែក្លាយពីគំនរផេះផង់ ស្លាកស្នាមសង្គ្រាម និងអំពើ ប្រល័យពូជសាសន៍ ក្លាយជាទឹកដីកំពុងមានការអភិវឌ្ឍយ៉ាងលឿន និងមានចីរភាព មានសន្តិភាព ស្ថិរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា។ ដើម្បីកុំឲ្យគ្រោះមហន្តរាយ ដូចក្នុងអតីតកាល កើតមានសាជាថ្មីម្តងទៀត សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ គាំទ្រ និង ចូលរួមបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា៕